រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅ កាលពីម៉ោង៩យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានបុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានដើរចូលប្លន់ដល់ក្នុងផ្ទះលក់ការហ្វេយីហោ Wring Cafe ដែលស្ថិតនៅនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ។ មុនពេលកើតហេតុ ជនសង្ស័យបានដើរចូលមកផឹកកាហ្វេ លុះមិនទាន់ផឹកអស់ផង ក៏ដើរសំដៅទៅអ្នកលក់ ហើយបានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ប្លន់ ដោយយកម៉ូតូធំមួយគ្រឿង ទូរស័ព្ទ១ និងលុយមួយចំនួន។
តាមរយះរូបភាពពីកាម៉េរ៉ាសុវត្តិភាព សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន ហើយតាមចាប់បាននៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៨នេះ នៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕
ដោយ ៖ Sing Ly