នាងគឺជានិស្សិតបរទេសដ៏ឆ្នើមម្នាក់ហើយបានវិលត្រឡប់មកប្រទេសចិនវិញ រួចបានទទួលមុខតំណែងដ៏សំខាន់ និងជាសាស្ត្រាចារ្យដ៏លេចធ្លោម្នាក់នៅសាកលវិទ្យាល័យ ហ្វូដាន។
នៅខែធ្នូឆ្នាំ២០០៩ នាងត្រូវបានរកឃើញថា មានជំងឺមហារីកសុដន ហើយនៅឆ្នាំ២០១០ ជំងឺនេះបានរីករាលដាល ហើយនាងស្លាប់នៅម៉ោងបីទៀបភ្លឺនៃថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ ក្នុងជន្មាយុ៣២ឆ្នាំ។
ក្នុងរយៈពេលនៃការតស៊ូប្រឆាំងនឹងជំងឺមហារីក នាងមានស្មារតីនឹងធឹងណាស់ ហើយក្រោយមរណភាពរបស់នាង កំណត់ហេតុប្រចាំថ្ងៃរបស់នាង ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធសង្គមទូទាំងពិភពលោក។
១. អ្នកមិនត្រូវក្រចូលដេកទេ
” តាមពិតខ្ញុំមិនមានហ្សែនបន្តពូជនៃជំងឺមហារីកនោះទេ ហើយរាងកាយខ្ញុំមាំទាំល្អ ហើយខ្ញុំទើបតែសម្រាលកូនរួចបានមួយឆ្នាំ ហើយធម្មតាជំងឺមហារីកសុដនច្រើនកើតលើស្ត្រីអាយុលើសពី៤៥ឆ្នាំ ហើយខ្ញុំទើបតែអាយុ៣១ឆ្នាំហ្នឹង ដូច្នេះខ្ញុំដឹងថា វាមានកត្តាជាច្រើនចំពោះរូបខ្ញុំ
ការប្រឹងស្ទើរស្លាប់រស់ ធ្វើការលើសម៉ោង ហួសកម្លាំងដើម្បីទិញរថយន្ត ទិញផ្ទះ គឺជាការល្ងង់ខ្លៅណាស់! បើមានពេល អ្នកគួរតែចំណាយពេលជាមួយកូន និងមើលថែមាតាបិតា ហើយវាមានអារម្មណ៍កក់ក្ដៅណាស់ ហើយអ្នកមិនត្រូវប្រឹងស្ទើរតែដាច់ខ្យល់ដើម្បីទិញផ្ទះថ្មីនោះទេ! ជំងឺមហារីកបានធ្វើឲ្យជីវិតរបស់ខ្ញុំក្រឡាប់ចាក់និងទទួលរងនូវការឈឺចាប់ហួសប្រមាណហើយ…”
២. ទម្លាប់នៃការហូបចុកគឺជាបញ្ហា
ខ្ញុំចង់ជម្រាបថា ខ្ញុំមិនមែនជាអ្នកល្មោភញុាំនោះទេ តែខ្ញុំញុាំអ្វីដោយមិនរើសមុខឡើយ ហើយខ្ញុំចូលចិត្តសាច់ណាស់ ហើយម្ដាយខ្ញុំថា ខ្ញុំកាត់ទៅរកប៉ាខ្ញុំដែលជាមេចុងភៅដ៏ចំណាន។ ខ្ញុំចូលចិត្តអាហារដែលឆ្ងាញ់ៗ!
៣. ទម្លាប់នៃការគេង
ខ្ញុំគិតថា ការក្រចូលគេងក៏ជាមូលហេតុនៃជំងឺមហារីកដែរ ព្រោះកាលពេលនៅរៀន ខ្ញុំកម្រចូលគេងមុនម៉ោង១២យប់ណាស់។ ក្រោយពីខ្ញុំបានសិក្សាវេជ្ជសាស្ត្រចិនបុរាណទើបខ្ញុំដឹងថា បរិធានខាងក្នុងរាងកាយខ្ញុំ បានខូចខាតធ្ងន់ណាស់ ព្រោះវេលាម៉ោង១១យប់ ដល់ម៉ោង១អាធ្រាត្រ មានសារៈសំខាន់ជួយឲ្យបរិធានរាងកាយខាងក្នុងដំណើរការល្អ។ ការកម្សាន្តផឹកសុី ច្រៀងខារ៉ាអូខេដាច់យប់ធ្វើឲ្យអ្នកសប្បាយតែមួយភ្លែតប៉ុណ្ណោះ តែវាពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់។
ខ្ញុំដឹងថា វាមានមនុស្សច្រើនណាស់ដែលមានទម្លាប់ខុសដូចខ្ញុំ ដូច្នេះសូមថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ… កុំឲ្យហួសពេល។
ជាអវសាន ខ្ញុំសូមផ្ដាំថា ក្នុងជីវិតយើង វាមានការឈឺចាប់ចំនួនបីគឺ: ចាស់ទៅគ្មានកូនបន្តពូជដល់មជ្ឈឹមវ័យគ្មាន ប្ដីឬប្រពន្ធ កូនឥតម៉ែ
ខ្ញុំដឹងថា នៅពេលដែលខ្ញុំស្លាប់ទៅមាតាបិតា ស្វាមីនិងកូនរបស់ខ្ញុំនឹងស្ដាយស្រណោះខ្ញុំ ហេតុនេះហើយទើបខ្ញុំសូមរំលឹកអ្នកឲ្យចេះថែរក្សាសុខភាព ដើម្បីរស់នៅបានយូរ… កុំឲ្យអាយុខ្លីដូចខ្ញុំ…៕
ប្រែសម្រួលពីអត្ថបទបរទេស៖ ទុត បូ