ប្រទេសថៃ ៖ បុរសចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីរកឃើញថា មានទំនាក់ទំនងទៅនឹងក្រុមអ្នកលេង Yakuza នៅជប៉ុន និងរស់នៅប្រទេសថៃដោយខុសច្បាប់ជាង ១០ ឆ្នាំ។
គួររម្លឹកថា លោក Shirai ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត កាលពីឆ្នាំ២០០៣ ក្រោយពីបានសម្លាប់បុរសម្នាក់ ដែលជាគូបដិបក្ស។
ក្រោយការចោទប្រកាន់រួចមក ជនដៃដល់រូបនេះ បានចាកចោលស្រុកទេស មកសម្ងំលាក់ខ្លួនក្នុងប្រទេសថៃ តាំងពីឆ្នាំ ២០០៥ និងរស់នៅចល័តរហូត ដើម្បីគេចវេះពីក្រសែភ្នែកប៉ូលិសអន្តរជាតិ។
លុះមកដល់ថ្ងៃមួយ ខណៈដែលកំពុងលេងអុកសុខៗ ស្រាប់តែត្រូវបានអ្នករស់នៅក្នុងតំបន់ម្នាក់ ប្រទះឃើញសាក់ដ៏កម្រមានលើដងខ្លួនរបស់គាត់ រួចក៏ថតបង្ហោះរូបសាក់ទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុច “Share” រហូតដល់ទៅជាងមួយមុឺននាក់ក្នុងរយៈពេលមួយពព្រិចភ្នែក។
ជនល្មើស ត្រូវបានអាជ្ញាធររបស់ថៃ ចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងក្នុងពន្ធនាគារមួយកន្លែង ស្ថិតនៅទីប្រជុំជនខេត្ត Lobori ប្រទេសថៃ រង់ចាំខាងប៉ូលិសអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕