(ម៉ូស្គូ) ជំនួបរវាងក្រុមខ្លាំងនៅទ្វីបអឺរ៉ុបដូចគ្នា នឹងត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Luzhniki Stadium ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណ ៨១០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី ជាទីដែលបើក និងបិទ ព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តង FIFA World Cup 2018 លើកទី២១ និងជាការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកទី១សម្រាប់រុស្ស៊ីផងដែរ។
ទាំងបារាំង និងក្រូអាត សុទ្ធតែជាក្រុមលេខ១ ចេញពីវគ្គជម្រុះសន្សំពិន្ទុដូចគ្នា (Group Stage) គ្រាដែលក្រុមមានរហស្សនាម «មាន់គកបារាំង» លេង៣ប្រកួតសន្សំពិន្ទុក្នុងពូល C ឈ្នះអូស្រា្តលី ២-១ ឈ្នះប៉េរូ ១-០ និងស្មើ ០-០ ពេលប៉ះដាណឺម៉ាក មុនមកទម្លាក់អាហ្សង់ទីន ចេញពី World Cup 2018 ជាមួយនឹងលទ្ធផល ៤-៣ ក្នុងវគ្គ ១៦ក្រុម និងបន្តទម្លាក់ក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ២-០ ក្នុងវគ្គ៨ក្រុម និងឈ្នះក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ប៉ះក្រុមជម្រើសជាតិក្រូអាត នាម៉ោង ១០យប់នេះវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ FIFA World Cup 2018 ជាមួយនឹងរង្វាន់ជាទឹកប្រាក់ចំនួន ៣៨លានដុល្លារសហរដ្ឋអា មេរិក ជាមួយមេដាយមាស ៤៥គ្រឿងផងដែរសម្រាប់ក្រុមឈ្នះ និងទទួលបាន ២៨លានដុល្លារចំពោះក្រុមចាញ់ និងមេដាយប្រាក់ ៤៥គ្រឿងដូចគ្នា។
ក្រូអាត ធ្លាប់មានប្រវត្តិជួបបារាំង៥ដង មិនដែលឈ្នះ ស្មើ២ដង និងចាញ់បារាំង ៣ដង និងឈឺចាប់បំផុត ត្រូវបានបារាំង វាយបកឈ្នះ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល World Cup 1998 មានបារាំងធ្វើម្ចាស់ផ្ទះ។ ក្រូអាត មិនដែល ឈ្នះ និងរងជើងឯកពាន World Cup ម្តងណាទេ តែធ្លាប់ជាប់លេខ៣ម្តងលេងនៅបារាំង ឆ្នាំ១៩៩៨ ក្រោយយកឈ្នះ ហូឡង់ ២-១ ក្នុងការបង្ហាញខ្លួននៅ World Cup បាន ៥ដង ស្របពេលបារាំង ឡើងមកលេង World Cup បាន១៤ដង និងឈ្នះជើងឯកម្តងកាលឆ្នាំ១៩៩៨ ក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីយកឈ្នះប្រេស៊ីល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ ដោយរងជើងឯកម្តងឆ្នាំ២០០៦ ជាប់ចំណាត់ថ្នាក់លេខ៣ ចំនួន២លើក (១៩៥៨ និងឆ្នាំ១៩៨៦) និងជាប់លេខ៤ ឆ្នាំ១៩៨២ ម្តងដែរ។
ក្រឡេកមកមើលក្រូអាត ដែលមិនត្រូវបានគេគិតថាឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បានរក្សាកំណត់ត្រាលេងមិនចាញ់ ៣ប្រកួតក្នុងពូល D ដោយបានយកឈ្នះនីហ្សេរីយ៉ា ២-០ និងបំបាក់អាហ្សង់ទីន ៣-០ គួរឲ្យភ្ញាក់ផ្អើល និងឈ្នះអាយឡែន ២-១ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល មុនមកទម្លាក់ដាណឺម៉ាក ៣-២ ដោយបាល់ប៉េណាល់ទី កាត់សេចក្តី វគ្គ១៦ក្រុម និងឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៤-៣ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រទៀតក្នុងវគ្គ៨ក្រុម និងឈ្នះអង់គ្លេស ២-១ ក្នុងម៉ោងថែម ១៥នាទី២ដង៕