ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Mediaset Premium បានប្រកាសឲ្យដឹងថាខ្សែប្រយុទ្ធអាហ្សង់ទីន កីឡាករ Angel Di Maria អាចនឹងស្ពាយបង្វេចចាកចេញពីក្រុមយក្សរបស់បារាំង Paris Saint Germain នារដូវក្ដៅខាងមុខ បន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Thomas Tuchel ។ Di Maria បានឃ្លាតឆ្ងាយពីកៅអីជម្រើស ១១ នាក់ដំបូងកាលពីរដូវកាលមុន ក្រោយពី PSG បាននាំយកខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ចូលមកកាន់ក្លិបរបស់ពួកគេ។
ហើយថ្មីៗនេះក្រុមនៃលីកកំពូលរបស់អ៊ីតាលី Napoli ត្រូវបានគេរាយការណ៍មកថាពួកគេមានបំណងផ្ដល់សំណើកុងត្រាមួយទៅឲ្យ Di Maria ហើយគេរំពឹងទុកថាការផ្ទេររបស់គាត់ទៅកាន់ទីនោះនឹងកាន់តែមានភាគរយខ្ពស់ បន្ទាប់ពី Napoli បានតែងតាំងលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ កីឡាករនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ និង Ancelotti ទាំង ២ នាក់គាត់នេះគឺជាអតីតគ្រូ និងសិស្សកាលនៅជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid ហើយគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបានចាត់ទុក Di Maria ជាកីឡាករចំបងនៅក្នុងបញ្ជីទិញកីឡារចំណូលថ្មីរបស់គាត់។
តែទោះជាយ៉ាងណា Napoli ពុំទាន់បើកកិច្ចចរចារណាមួយនៅឡើយជាមួយ PSG ទាក់ទងនឹងការចង់ទិញ Di Maria អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ដែលត្រៀមនឹងផុតកុងត្រានៅកីឡដ្ឋាន Parc des Princes នាឆ្នាំ ២០១៩ ។
ប្រែសម្រួល ៖ ភក្ដី