(ភ្នំពេញ) ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U19 មីយ៉ាន់ម៉ា នាវេលាម៉ោង ៧យប់នេះ ក្នុងការប្រកួតទី៣ នៃពានរង្វាន់ AFF U19 Championship 2018 ពូលB នៅកីឡដ្ឋាន Gelora Joko Samudro នៃប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាការប្រកួតដ៏សំខាន់របស់កម្ពុជា ដោយត្រូវការពិន្ទុដាច់ខាត ដើម្បីបន្ដឱកាសដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ជាបណ្ដោះអាសន្នក្រុមគោព្រៃជំទង់កម្ពុជាមាន ៣ពិន្ទុក្នុងដៃ តែសល់ ២ប្រកួតប៉ុណ្ណោះ ខុសពីក្រុម U19 មីយ៉ាន់ម៉ា ពួកគេមាន ១ពិន្ទុ ហើយសល់ ៣ប្រកួត រួមទាំងប៉ះជាមួយកម្ពុជា ។ រីឯក្រុមម៉ាឡេស៊ី ក៏មាន ៣ពិន្ទុសល់ ៣ប្រកួតដូចគ្នា លើកលែងតែក្រុមកំពូលតារាង U19ទីម័រខាងសល់ ២ប្រកួត តែមាន ៤ពិន្ទុខ្ពស់ជាងគេ ។ តាមរយៈលទ្ធផលខាងលើ ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវធ្វើការងារធ្ងន់បន្ដិច សម្រាប់ ២ប្រកួតចុងក្រោយ ដោយយ៉ាងហោចត្រូវរកឲ្យបាន ៤ពិន្ទុបន្ថែម ដើម្បីអ៊ុតវាសនាខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំតំបន់លើកទី១៥ នេះ ។
ប៉ុន្ដែបើក្រឡេកទៅមើលប្រវត្តិជួបគ្នាផ្លូវការលើកចុងក្រោយ កម្ពុជា ធ្លាប់បានយកឈ្នះមីយ៉ាន់ម៉ា ៣-២ ក្នុងវគ្គជម្រុះពាន AFC U19 Championship 2017 ។ ដូច្នេះកម្ពុជា នៅតែមានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គបន្ដ ខណៈប្រកួតចុងក្រោយត្រូវជួបក្រុម U19ទីម័រខាងកើត នាថ្ងៃទី១០ ខែកក្កដាខាងមុខ ៕