(ភ្នំពេញ) ពេលនេះសមាជិកដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ទិត្យ ឌីណា បានសម្រេចដើរចេញពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)ហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១០ឆ្នាំ ហើយបានផ្លាស់មកលេងឲ្យក្លឹបថ្មី គឺក្រុមបាល់ទាត់វិសាខា ដែលកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជាបច្ចុប្បន្នវិញ ។
នេះបើយោងតាមការជូនដំណឹងរបស់ក្រុមកំពុងឡើងជើងវិសាខា នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ក្នុងការប្រកាសជាផ្លូវការបានបញ្ជាក់ថា៖«ក្លិបកីឡាបាល់ទាត់វិសាខា សូមស្វាគមន៍កីឡាក ទិត ឌីណា ដែលបានមករួមរស់ជាមួយនឹង ក្រុមកីឡាករនៃក្លិបវិសាខា គួររំលឹកផងដែរថាកីឡាកររូបនេះក៏ជាអតីត ខ្សែបំរើ ដ៍ឆ្នើម របស់ក្រុមជម្រើសជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។»គួរបញ្ជាក់ថា ទិត្យ ឌីណា គឺជាកីឡាករដ៏មានបទពិសោធន៍ និងមានប្រជាប្រិយភាពម្នាក់ ក្នុងចំណោមកីឡាករលេចធ្លោរនៅកម្ពុជា ។
ខ្សែបម្រើរូបនេះ បានលេងឲ្យក្រុមប៉ូលិសតាំងពីឆ្នាំ២០០៨ មកម្ល៉េះ មុននឹងផ្លាស់មកលេងឲ្យវិសាខាពេលនេះ ។រូបគេក៏បានជាប់ជម្រើសជាតិដំបូង នៅឆ្នាំ២០១១ និងត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិផ្ដល់ឱកាសជាបន្ដបន្ទាប់ទៀត ទើបតែមួយរយៈពេលចុងក្រោយ ដោយសារជាប់ហ្វឹកហាត់ និងរៀននៅសាលានគរបាលជាតិ ទើបគេមិនបានជួយដល់ក្រុមជម្រើសជាតិឡើយ ៕