ពិសេសមែន!!! ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅទឹកដីអង្គរ

0
272

(កីឡា) សម្រាប់ការប្រកួតបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជាចុងសប្ដាហ៍នេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅទឹកដីអង្គរ ដើម្បីជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាប នាវេលាម៉ោង ៣៖៣០នាទីរសៀល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ ។ ប៉ុន្ដែអ្វីដែលពិសេស ស្របពេលក្រុមត្រូវប្រកួតក្រៅដីក្នុងសប្ដាហ៍ទី១១ នេះ ភ្នំពេញក្រោន បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីបានអ្នកគាំទ្រទៅចូលរួមទស្សនាផ្ទាល់ ហើយថែមទាំងមានដំណើរកម្សាន្ដក្នុងពេលខ្លីក្នុងឱកាសដ៏ពិសេសនោះទៀតផង ។ ចំពោះតម្លៃសំបុត្រចូលរួម គឺម្នាក់ត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ ។យោងតាមការជូនដំណឹងរបស់ក្លឹបបានបញ្ជាក់ថា៖ «លោកអ្នកអាចចូលរួមទស្សនា ក៏ដូចជាហ៊ោលើកទឹកចិត្តក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនាចុងសប្តាហ៍នេះជាមួយនឹងតម្លៃ ៣០ដុល្លារ/ម្នាក់ ។ តម្លៃនេះរួមមានការធ្វើដំណើរទាំងទៅទាំងមក, កន្លែងស្នាក់នៅ, ដំណើរកម្សាន្តរយៈពេលខ្លី, អាហារសម្រន់ ក៏ដូចជាសំបុត្រទស្សនាការប្រកួត ប៉ុន្តែមិនរាប់បញ្ចូលថ្លៃអាហារនោះឡើយ» ។

សូមរំឭកថា កាលពីរដូវកាលមុនភ្នំពេញក្រោន ប៉ះអង្គរថាយហ្គឺរ ២ជើង សុទ្ធតែបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ពោលគឺជើងទី១ ស្មើគ្នា ១-១ លើទឹកដីអង្គរថាយហ្គឺរ ខណៈជើងទី២ ស្មើគ្នា ២-២ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here