ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៨ ឆ្នាំ២០១៨ បានបញ្ចប់ដោយជោគជ័យហើយ នាព្រឹកថ្ងៃទី១៧ ខែមិថុនាម្សិលមិញនេះ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៥,០០០នាក់មកពី ៣០ប្រទេសចូលរួម ខណៈដែលក្នុងនោះក្រុមអត្តពលិករបស់ឆ្នើមៗរបស់សកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្ដើមបានមេដាយរហូតទៅដល់ ៤គ្រឿងក្នុងចំណោមអ្នកចូលរួមរត់ដ៏ច្រើននេះ ។ លោក ពៅ ហុក គ្រូបង្វឹកក្រុមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប បានប្រាប់ឲ្យដឹងថាការប្រកួតនេះសកលវិទ្យាល័យអាស៊ីអឺរ៉ុបមានអត្តពលិកចំនួន៥នាក់ ដោយចូលរួមគ្រប់វិញ្ញាសាទាំងអស់ក្នុងនោះយើងទទួលមេដាយ៤គ្រឿងលើវិញ្ញាសារត់ ១០គីឡូម៉ែត្រ សម្រាប់បុរសទទួលបានមេដាយសំរិទ្ធ និងនារីទទួលបានមេដាយប្រាក់ចំណែកវិញ្ញាសារត់៣គីឡូម៉ែត្រសម្រាប់បុរសទទួលបានមេដាយប្រាក់ ។
ព្រឹត្តិការណ៍អន្ដរជាតិរបស់កម្ពុជានាឆ្នាំនេះ បានផ្លាស់ប្ដូរផ្លូវរត់មករៀបចំក្នុងក្រុងទាំងស្រុង មិនមែនការរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូចឆ្នាំមុនៗ នោះទេ ដោយសារស្ពាននេះជាប់ជួសជុល។ ដោយហេតុនេះ គណៈកម្មការរៀបចំការប្រកួត ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសុំការអនុគ្រោះពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវរត់ (ប្លង់ខាងក្រោម) យោគយល់ចំពោះការបិទផ្លូវមួយចំនួន ដើម្បីសម្រួលការរត់ប្រកបដោយសុវត្ថិភាព។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ បន្ថែមលើនេះ ក៏ស្វែងរកមូលនិធិសប្បុរសធម៌ តាមរយៈការចុះឈ្មោះ ដើម្បីជួយដល់ការងារសង្គម តាមរយៈមន្ទីរពេទ្យគន្ធបុប្ឋា និងអង្គការមួយចំនួន ៕