វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមយក្សស Real Madrid, Ronaldo ត្រូវបានគេលួចបង្ហើបឲ្យដឹងថាគាត់មានគោលដៅទិញយកក្លិបមួយនៃលីកលំដាប់ទី ២ របស់អេស្ប៉ាញ។
តាមសេចក្ដីរាយការណ៍ពីកាសែតរបស់ប្រេស៊ីល O Globo បានឲ្យដឹងថាបុរសវ័យ ៤១ ឆ្នាំរូបនេះកំពុងស្ថិតក្នុងកិច្ចចរចារដើម្បីទិញយកក្លិប Real Valladolid ក្នុងតម្លៃប្រមាណជា ៣០ លានអឺរ៉ូ។
គួររំលឹកផងដែរថាកាលពីខែមករាកន្លងទៅ Ronaldo បានបង្ហើបឲ្យដឹងដោយផ្ទាល់ថាលោកមានមហិច្ឆតាកាន់កាប់ក្លិបមួយនៅលីកលំដាប់ទី ២ របស់អេស្ប៉ាញ ឬអង់គ្លេស។ “វានឹងក្លាយជារឿងដ៏មានកិត្តិយសបំផុតក្នុងការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រេស៊ីល។”
គាត់បានប្រាប់កាសែត La Folha de Sao Paulo ។ “ប៉ុន្តែខ្ញុំចង់ស្គាល់រសជាតិធ្វើជាប្រធានក្លិបបាល់ទាត់មួយសិន។”
“ខ្ញុំកំពុងគិតអំពីការទិញយកក្លិបមួយនៅលីកលំដាប់ទី ២ របស់អេស្ប៉ាញ ឬអង់គ្លេស។” Ronaldo បន្ត។ “ខ្ញុំចង់ធ្វើអ្វីមួយដែលប្រកបដោយភាពច្នៃប្រឌិត។ ហើយខ្ញុំគិតថាខ្ញុំត្រៀមរួចរាល់ក្នុងការធ្វើវា។”
ហើយបើយោងតាមកាសែត Marca បានឲ្យដឹងថាម្ចាស់ភាគហ៊ុនធំ និងប្រធានក្លិប Valladolid បានបដិសេធរាល់សំណើទាំងឡាយណាដែលបានដាក់ស្មើសុំទិញយកក្លិបមួយនេះ ប៉ុន្តែជាមួយនឹងទឹកប្រាក់ ៣០ លានអឺរ៉ូគេជឿជាក់ថានឹងអាចគ្រប់គ្រាន់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបាន។ Valladolid បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងលីកលំដាប់ទី ២ របស់អេស្ប៉ញ Segunda Divisoin ខណៈដែលពួកគេត្រៀមបើកទ្វារទទួលក្រុមភ្ញៀវ Osasuna សម្រាប់ការប្រកួតនាថ្ងៃសៅរ៍សប្ដាហ៍នេះ។
ប្រែសម្រួល ៖ ភក្ដី