ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកស្រី អម្ពរ ទេវី បានចំណាយពេលវេលានៅស្រុកខ្មែរ និង បានដើរកម្សាន្តនៅតាមតំបន់ជាច្រើន អ្វីដែលគួរឱ្យចាប់អារម្មណ៍ អ្នកស្រីបានជួបជាមួយតារាសម្តែងជើងចាស់រួមជំនាន់ កាលពីជិត ២០ ឆ្នាំមុន អ្នកស្រីពិតជារំភើបចិត្តខ្លាំងណាស់ដែលបានជួបជាមួយមិត្តចាស់សារជាថ្មី ។ តាមរយៈរូបភាពនេះ តើនរណាប្លែកជាងនរណា ?
ទម្រាំតែណាត់ជួបគ្នាបាន អ្នកស្រី អម្ពរ ទេវី ជាមួយមិត្តភក្តិបានណាត់ជួបគ្នាច្រើនដងមកហើយ ប៉ុន្តែពុំដែលមានឱកាសល្អនោះទេ ទើបតែពេលភ្ជុំរួចបានណាត់ជួបគ្នា ។ អ្នកស្រី អម្ពរ ទេវី បានណាត់ជួបជាមួយអ្នកនាង កែវ កល្យាណ និង អ្នកស្រី ផល្លា ព្រមទាំងលោក យុត្ថា រ៉ាឆានី ដែលជាមិត្តចាស់កាលពីជាង ២០ ឆ្នាំ មុនដោយបានញុំាអាហាររួមគ្នានៅរម្យមណីយដ្ឋានមួយ ។ អ្នកស្រី អម្ពរ ទេវី ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួបជាមួយមិត្តចាស់ ។ ចំណែកអ្នកស្រី កែវ កល្យាណ វិញ បាននិយាយថា «ជួបជុំមិត្តរួមអាជីព និង រួមជំនាន់ បែកគ្នា ២០ ឆ្នាំហើយ នឹកណាស់ៗ» ។
តាមរយៈរូបភាពទាំងនេះបង្ហាញឱ្យឃើញថា តារាជើងចាស់ទាំង ៣ រូបនេះមានគ្រួសារ និង មានអាយុកាន់តែច្រើនហើយ ហើយម្នាក់ៗក៏ចាស់ទុំអស់ដែរ ប៉ុន្តែសម្រាប់អ្នកស្រី អម្ពរ ទេវី នៅតែរក្សារូបសម្រស់ឱ្យនៅស្រស់ស្អាត មិនចាញ់ពីមុនឡើយ ។ ក្នុងឆ្នាំនេះ អ្នកស្រី អម្ពរ ទេវី បានឆ្លងបុណ្យភ្ជុំនៅស្រុកកំណើតយ៉ាងសប្បាយរីករាយ ដោយសារតែឆ្នាំនេះអ្នកស្រីត្រូវឆ្លៀតពេលវេលាដើម្បីថតបញ្ចប់រឿងរបស់អ្នកស្រីផង ទើបអ្នកស្រីឆ្លៀតពេលកម្សាន្តនៅក្នុងស្រុកតែម្តង ៕