បុរសម្នាក់មានឈ្មោះថា ខៀវ ខេនី ដែលសព្វថ្ងៃលោក គឺជាអ្នកគ្រប់គ្រងការរៀបចំកម្មវិធីតាំងពិព័រណ៍ធំនៅភ្នំពេញ និងតាមបណ្តាខេត្ត បានរៀបរាប់ ជុំវិញរឿងរបស់តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា (កាលពីមុនឈ្មោះ នាថ ) កាលពីប្រមាណ១០មុន មុនពេលតារារូបនេះក្លាយជាតារាចម្រៀងល្បីដូចសព្វថ្ងៃ។
លោក ខេនី បាននិយាយថា៖«នាង(អ៊ីវ៉ា) នៅតែចងចាំខ្ញុំដោយគុណធម៍ ហើយខ្ញុំក៏នៅតែចងចាំនូវភាពអស្ចារ្យរបស់នាង»។
លោក ខៀវ ខេនី បាននិយាយរៀបរាប់ថា៖«ប្រហែល១០ឆ្នាំមុនក្មេងស្រីឈ្មោះនាថ នៅខេត្តកំពង់ស្ពឺម្នាក់នេះ បានបានបង្កើតរឿងដែលអស្ចារ្យ មិនគួរឲ្យជឿ និងឲ្យខ្ញុំចងចាំដល់ពេលនេះ នូវទស្សនៈមួយគឺ ” មនុស្សមើលមិនឃើញវាសនា”។
ថ្ងៃមួយនៅពេលខ្ញុំទៅថតសំលេងនៅស្ទូឌីយ៉ូលោកពូ ម៉ិញ សុធីវណ្ណ ខ្ញុំបានអង្គុយចាំនៅក្រៅស្ទូឌីយ៉ូកាត់តសំលេង ខ្ញុំបានឮបទចំរៀងមួយបទត្រូវអ្នកដឹកនាំថតអោយអ្នកចម្រៀងច្រៀង ដោយជួយកែចុះឡើង ហើយខ្ញុំក៏គិតថាជាបទថ្មីរបស់ប្អូនស្រី មាស សុខសោភា ប្រហែល១០នាទីក្រោយ កូនម្ចាស់ស្ទូឌីយ៉ូ លោក ម៉ិញ បញ្ញាសុទ្ធ បានចេញមកចាប់ដៃស្វាគមន៍ និងសុំទោសដែលអោយខ្ញុំរង់ចាំ ហើយខ្ញុំក៏សួរគាត់ថា បទមុនហ្នឹងពីរោះណាស់បទថ្មីរបស់ មាស សុខសោភា?
គាត់ថា អូ!មិនមែនទេ ជាបទក្មេងស្រីម្នាក់ដែលខ្ញុំចាប់អារម្មណ៍សំលេងគាត់ពីរោះ ហើយជួយថតអោយគាត់ដើម្បីយកទៅអោយម្ចាស់ផលិតកម្មសាន់ដេស្តាប់។ សួរចប់ខ្ញុំក៏លាចេញពីស្ទូឌីយ៉ូរៀបបើកឡានចេញ ក៏ឃើញឪពុក និងកូនស្រីពីរនាក់ឈរនៅក្បែរនោះ ហាក់ដូចជាកំពុងរកម៉ូតូឌុបជិះ ខ្ញុំក៏សួរគាត់ថា ពូរកអីជិះ? គាត់ក៏តបវិញថា បាទក្មួយខ្ញុំកំពុងរកអ្វីជិះទៅបេនឡានផ្សារថ្មីជាមួយកូនស្រី។ ខ្ញុំក៏អញ្ជើញគាត់អោយឡើងជិះឡានខ្ញុំ ហើយជូនគាត់ទៅផ្សារថ្មី។
នៅតាមឡានខ្ញុំក៏បានសាកសួរគាត់ថា មកភ្នំពេញធ្វើអ្វី? គាត់ថា ជូនកូនស្រីមកសាកសំលេងអោយផលិតកម្មគេស្តាប់ ខ្ញុំភ្ញាក់ព្រើតក៏សួរទៅវិញថា មកសាកនៅស្ទីឌីយ៉ូមុនហ្នឹងមែនទេ? គាត់ថាបាទ ខ្ញុំក៏និយាយទៅកាន់គាត់ថា បទអំបាញ់ម៉ិញហ្នឹង ខ្ញុំស្តាប់ទៅពីរោះមានមនោសញ្ចេតនា ទឹកដម ហើយគិតថា កូនពូនឹងបានក្លាយជាអ្នកចំរៀងបាន ហើយខ្ញុំក៏បន្ថែមថា ពូអោយលេខមកខ្ញុំមួយមក ពេលខ្ញុំរៀបខនសឺត ខ្ញុំនឹងហៅកូនពូឡើងឆាកដើម្បីជួយផ្សព្វផ្សាយនាង។
កូនស្រីគាត់ក៏និយាយកាត់មកដោយពាក្យអរគុណយ៉ាងពីរោះ និងប្រាប់ឈ្មោះនាងមកខ្ញុំថា ឈ្មោះនាថ នៅកំពង់ស្ពឺ មានកម្មវិធីអីបងហៅខ្ញុំបានគ្រប់ពេលអោយតែខ្ញុំមិនជាប់រវល់ ខ្ញុំនឹងមកច្រៀងអោយខនសឺតបង។
លោក ខេនី បានរៀបរាប់បន្តថា៖«និយាយគ្នាបណ្តើរឡានខ្ញុំក៏ជូនគាត់មកដល់បេនឡានផ្សារថ្មី គាត់ទាំងពីរក៏លើកដៃសំពះលាខ្ញុំដោយអំណរ និងនិយាយមកកាន់ខ្ញុំថា ក្មួយ បងប្រុសជាមនុស្សចិត្តល្អ មិនប្រកាន់អ្នកក្រ ចេះជួយអ្នកក្រ។ ពូ និងកូននឹងមិនភ្លេចអំពើល្អរបស់ក្មួយថ្ងៃនេះឡើយ។ និយាយចប់ហើយគាត់ក៏ចាកចេញបន្សល់នៅភាពក្តុកក្តួល និងការអាណិតអាសូរដល់ឪពុកម្នាក់ដែលខិតខំពុះពារយ៉ាងលំបាកដើម្បីបំពេញបំណងកូនស្រី។
ប្រហែលមួយខែក្រោយមកខ្ញុំបានឃើញក្រុមហ៊ុនសាន់ដេ ផ្សព្វផ្សាយបទថ្មីរបស់អ្នកចំរៀងថ្មីលើទូរទស្សន៍ ខ្ញុំក៏មិនបានចាប់អារម្មណ៍ថា ជានាងព្រោះគេតែងខ្លួនមើលមិនស្គាល់ ហើយគេដាក់ឈ្មោះថា Eva។ កម្មវិធីខនសឺតខ្ញុំជិតមកដល់ ដូចតាមសន្យាខ្ញុំក៏រកលេខខលទៅក្មេងស្រីម្នាក់នោះ ហើយចង់ហៅគាត់មកច្រៀងនៅកោះពេជ្រ នាងក៏និយាយជាមួយខ្ញុំដោយការរាក់ទាក់នឹករលឹកសួរសុខទុក ហើយបានសួរខ្ញុំមួយម៉ាត់ថា បងមិនស្គាល់ខ្ញុំមែន? ខ្ញុំក៏តបថា ម៉េចថា បងមិនស្គាល់អូនគឺស្រីនាថ នៅកំពង់ស្ពឺដែលបងជូនឡើងឡានជាមួយប៉ាអូននៅផ្សារថ្មីនោះហើយ។ គាត់ក៏សើចហើយប្រាប់ថា បងខ្ញុំគឺ Eva ណា Eva នៅសាន់ ដេ ដែលកំពុងល្បីនឹងណា ខ្ញុំឡឺបែបស្រឡាំងកាំងចង់ដាច់ផ្ងា ហើយលាន់មាត់ថា អូព្រះម៉េចទៅជាចឹងបានលោក???»។
រឿងរ៉ាវនេះនៅមិនទាន់បញ្ចប់ទេ នឹងមានភាគបន្តទៀត។ លោក ខេនី បានបញ្ជាក់ថា៖« នៅមានត»៕ ប្រភពCNC