ទន្ទឹមនឹងគ្នានេះ ស្រាប់តែកាលពីម្សិលមិញនេះនៅក្នុងពិធីជួបជុំតារាល្បីៗកម្ពុជា និងតារាល្បីៗរបស់ថៃ របស់ មជ្ឈមណ្ឌលឌែរម៉ូ គ្លីនិក នៅឯសណ្ឋាគារសូហ្វីតែល មានការទម្លាយឲ្យដឹងថា តារាល្បីៗកម្ពុជាជាច្រើនក៏បានទទួលការកែសម្ផស្សនៅក្នុងស្រុកដែរ។
ទោះបីជាមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិក្តី តែតារាស្រីប្រុសជាច្រើនដួងត្រូវបានគេដឹងថាបានស្វែងរកការកែសម្ផស្សបន្ថែមទៀត ដើម្បីលើកសម្រស់បន្ថែម បំណងដើម្បីបង្កើនទីផ្សារសិល្បៈជាងមុន។
កន្លងមកមានការទម្លាយជាច្រើនមកថា តារាកម្ពុជាមួយផ្នែកធំបានទៅកែសម្ផស្សនៅបរទេស ក្នុងនោះភាគច្រើនទៅកែនៅប្រទេសថៃ កូរ៉េ និងជប៉ុន។
លោកស្រី ហូវ ដាណេ អគ្គនាយិកា”ឌែរម៉ូ គ្លីនិក” បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាកម្ពុជាល្បីជាច្រើនដួងបានទទួលការព្យាបាល និងកែសម្ផស្សនៅកម្ពុជា ដោយមិនចាំបាច់ទៅក្រៅប្រទេសនោះទេ។ លោកស្រីបានទម្លាយឲ្យដឹងថា តារាល្បីៗជាភ្ញៀវវីអាយភីរបស់ “ឌែរម៉ូ គ្លីនិក” មានតារាចម្រៀង សុគន្ធ និសា កញ្ញា សុខ សីឡាលីន លោក សុគន្ធ ថេរ៉ាយុ អ្នកនាង យុគ ចិន្តា អ្នកនាង គង់ សុជាតិ លោក ជា វិបុល លោក អេនឌី កញ្ញា ញឹម ចាន់ថន អ្នកនាង ស្រីម៉ុច ជីដូនកាកីជាដើម។
ដោយឡែកការលេចចេញវត្តមានតារាចម្រៀងល្បីថៃកញ្ញា katreeya English លោកស្រី ដាណេ បានបញ្ជាក់ថា katreeya English មិនបានទទួលការព្យាបាលនៅកម្ពុជាទេ តែកញ្ញាជាតំណាងរបស់ ms clinic នៅប្រទេសថៃ ដែលជាដៃគូរបស់ឌែរម៉ូ គ្លីនិក។
ម្ចាស់ហាងកែសម្ផស្សដ៏ធំនៅកម្ពុជារូបនេះ បានបញ្ជាក់ថា នៅក្នុងពេលខាងមុខដ៏ខ្លីនេះក៏មានការកក់ទុកសម្រាប់ការកែសម្ផស្សយ៉ាងច្រើន ហើយក្នុងនោះក៏មានតារាកម្ពុជាជាច្រើនដួងផងដែរ៕ប្រភពCNC