លោកអូត ភូថង គឺជាកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងមួយរូប ដែលមានរាងខ្ពស់ស្រឡះ ព្រមទាំងមានល្បិចប្រយុទ្ធនៅលើសង្វៀនសាហាវបំផុត ជាពិសេសស្នៀតកែង និង ជង្គង់ របស់លោក ដែលនេះជាអាវុធប្រចាំត្រកូលមិនអាចធ្វេសប្រហែសបាន ។
កីឡាករប្រដាល់ដ៏ឆ្នើមលោក អូត ភូថង ហាក់បាត់មុខឈឹងពីសង្វៀនប្រកួត ដោយគេមិនបានឃើញវត្តមាន របស់លោកទៀតឡើយតាមរយៈកម្មវិធីប្រដាល់ផ្សេងៗលើកញ្ចក់ទូរទស្សន៍ ដែលស្ទើរតែធ្វើឱ្យអ្នកគាំទ្រ ភ្លេចមុខលោកថែមទៀត ។ ស្របពេលនឹងការស្ងាត់បាត់មុខពីសង្វៀនប្រកួតយ៉ាងយូរនេះ ស្រាប់តែពេលនេះគេបានឃើញលោកកំពុងធ្វើការនៅហាងបារាំងមួយកន្លែង មើលទៅគួរឱ្យអាណិតណាស់ ព្រោះធ្វើការនៅម៉ោង ១០ យប់ រហូតដល់ម៉ោង ៥ ព្រឹក ដោយឈរយាមម៉ូតូ និង ទទួលបានប្រាក់ខែ ១៥០ ដុល្លារ ។
ទោះជាយ៉ាងនេះក្តី ក្រោយពេលបញ្ចប់ការងារនោះ លោកក៏ត្រូវទៅបង្ហាត់សិស្សរៀនវាយប្រដាល់ថែមទៀត នៅម៉ោង ៦ ព្រឹក ដោយគ្មានពេលសម្រាក និង រកប្រាក់បានតែបន្តិចបន្តួចតែប៉ុណ្ណោះ ។ គួរឱ្យដឹងដែរថា កំពូលកីឡាករប្រដាល់ អូត ភូថង មានដើមកំណើតមកពីខេត្តកោះកុង និង មានប្រវត្តិធ្លាប់ឈានជើងឡើងសង្វៀនប្រកួតរាប់មិនអស់ទៀតផង ប៉ុន្តែមួយរយៈពេលមកនេះ មិនសូវដែលឃើញមុខលើសង្វៀននោះទេ ៕ប្រភពប្រជាប្រិយ