សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត របៀបវារៈចំនួន៥ ដោយនៅក្នុងនោះ កិច្ចប្រជុំសម្រេចទទួលយកសេចក្តី ព្រាងច្បាប់ចំនួន៥ ដែលស្នើដោយរាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនមកគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភាវិញ ក្រោយបញ្ចប់ការពិនិត្យ និងសិក្សានោះ។
សេចក្តីព្រាងច្បាប់ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេច ប្រគល់ឲ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សានោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញនិងការការពារ ទៅវិញទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញនិងការ ការពារទៅវិញទៅមកនៃវិនិយោគ។ សេចក្តីព្រាងច្បាប់ចំនួនបីខាងលើ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា។ រីឯសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សីនិងផ្តៅ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ជូន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា៕