ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ ចូលរួមពិធីបើក វគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង, ជំនាញអាវុធគាំទ្រ, ជំនាញកាំភ្លើងការពារ អាកាស, និងជំនាញបញ្ជូនសារ ប្រចាំឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំកងពលតូចអន្តរាគមន៍លេខ១ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។
លោកបន្តថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ខ្ញុំសូមកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទីនិងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ។ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំកងពល ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខសុវត្ថិភាពទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
លោកថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ហើយនាពេលបច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា
វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។
លោកបានអំពាវនាវ ដល់សិក្ខាកាម ទាំងអស់ សូមយកឱកាសនេះសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទ ជាក់ស្តែងបានអនុវត្តយ៉ាងសកម្មនូវកិច្ចការសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ១ តាំងពីដើមរៀងមក រហូតកងពលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពង្រឹងបាននូវសមត្ថភាពក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។ ការចូលរួមនេះ គឺជាសក្ខីភាពនៃចំណងសាមគ្គីរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ និងការរួមចំណែកអភិវឌ្ឍជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ២០ ឆ្នាំ កន្លងទៅនេះ ដោយមានការគាំទ្រយ៉ាងសកម្មពីប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់៕