កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី០៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ

0
370

ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី០៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមដោយប្រតិភូអញ្ជើញមកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សរុបចំនួន៦០ រូប។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាប្រទេសនៅ ក្នុងអនុតំបន់ មេគង្គមានប្រព័ន្ធអេកូឡូស៊ីដ៏សំបូរបែប និងធនធានធម្មជាតិជាច្រើន ដូចជាតំបន់ដីសើមទឹកសាប តំបន់ដីមមោគ តំបន់ឆ្នេរសមុទ្រ ធនធានព្រៃឈើ ធនធានជលផល និងធនធានរ៉ែ ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវិតមនុស្ស។ យ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិទាំងនេះ កំពុងទទួលរងផលប៉ះពាល់ពីការពង្រីកផ្ទៃដីកសិកម្ម ការពង្រីកទីក្រុង ការរីកលូតលាស់របស់វិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងជាពិសេសការបំពុលផ្សែងអ័ព្ទឆ្លងដែន ដោយសារភ្លើងឆេះព្រៃ។ បញ្ហាទាំងនេះទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នារបស់ប្រទេសទាំងអស់នៅក្នុងអនុតំបន់។

ក្នុងន័យនេះ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអាស៊ានឆ្នាំ២០២០ ដែលមានភាពស្រស់ស្អាត និងបៃតង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេស  រដ្ឋសមាជិកអាស៊ានពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន តាមរយៈការរៀបចំបទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការបង្ការ តាមដាន និងកាត់បន្ថយភ្លើងឆេះព្រៃ។

ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់ឧបករណ៍ចល័តសម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ និងបានបណ្តុះបណ្តាលដល់មន្រ្តីបច្ចេកទេសនៃមន្ទីរបរិស្ថានខេត្តសៀមរាប និងអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងរយៈពេលបីឆ្នាំជាប់គ្នា (ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩)។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យអង្គប្រជុំថ្ងៃនេះ ពិនិត្យមើលវឌ្ឍនាភាពការងារទប់ស្កាត់ភ្លើងឆេះព្រៃកន្លងមក និងពិភាក្សាលើគំនិតផ្តួចផ្តើម ព្រមទាំងអនុសាសន៍នានា ដែលក្រុមការងារបច្ចេកទេសបានខិតខំប្រឹងប្រែងរៀបចំឡើង សំដៅធ្វើឱ្យអនុតំបន់មេគង្គលែងមានការបំពុលផ្សែងអ័ព្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here