សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយម វៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ។
ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសជិតខាងទំាងពីរប្រទេសនេះធ្វើឡើង តបតាមការអញ្ជើញ របស់ លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គម និយមវៀតណាម និង លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៩។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាគ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម និងប្រធានសភាឡាវ ព្រមទំាងជួបសវនាការជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃប្រទេសទំាងពីរ ថែមទៀត៕
ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះធ្វើឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសជិតខាងទាំងពីរ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល លោក ពិសេសការងារកាទូតរដ្ឋសភា៕