ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)បានដំណើរការដាក់ឲ្យប្រើប្រាស់ ក្នុងតម្លៃ ១៩លានដុល្លារ ជំនួយរបស់ព្រះរាជាណាចក្រថៃ

0
710

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចាក់ បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)គឺបានសាងសង់ឡើងដោយកងវិស្វកម្ម នៃកងទ័ពភូមិន្ទ នៃព្រះរាជាណាចក្រថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

គម្រោងសាងសង់ស្ពាននេះត្រូវបាន រាជរដ្ឋាភិបាលប្រទេសទាំងពីរបានផ្តួចផ្តើម គំនិតរៀបចំតាំង ពីឆ្នាំ២០០៧មកម្ល៉េះ ដោយភ្ជាប់ជាមួយគម្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន។ ទោះបីយើងប្រើរយៈពេលយូរក្នុងការរៀបចំគម្រោង តែពេលនេះសុបិន្តបានក្លាយជាការពិត វាជាលទ្ធផលដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសយើងទាំងពីរ។ ស្ពាននេះគឺអាច និយាយបានថាជាស្ពានភ្ជាប់និស្ស័យរវាងប្រជាពលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋខេត្តស្រះកែវ។ បើនិយាយជារួម ស្ពាននេះគឺភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃទាំងមូល ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ពាននេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃប៉ុណ្ណោះទេ តែថែមទាំងផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គទៀតផង។ ជាងនេះទៀត ស្ពាននេះ នឹងសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្នុងគោលដៅពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គដែលបានកំណត់ផ្លូវពីបាងកក-ប៉ោយប៉ែត-ភ្នំពេញ-ហូជីមិញជាផ្លូវអាស៊ានហាយវ៉េលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជញ្ជូនទំនិញចេញ-ចូលមានភាពងាយស្រួល។ ស្ពាននេះ នឹងទុកសម្រាប់តែការដឹកទំនិញចេញចូល រីឯច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត ទុកសម្រាប់តែភ្ញៀវទេសចរណ៍ឆ្លងកាត់ប៉ុណ្ណោះ ។

បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញចាក់បេតុងតតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)និងដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here