រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយ គ្រឿងដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនកោះដាច់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនៅក្នុងតំបន់នេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹកស្អាតនៅវិទ្យាល័យ ប៊ុនរ៉ាហ៊ុនសែនកោះដាច់នៅព្រឹកថ្ងៃទី២៩ ខែឧសភា លោកនួន ផារ័ត្ន អភិបាលរងរាជធានី ភ្នំពេញបានមានប្រសាសន៍ថា លោកគ្រូអ្នកគ្រូនិង សិស្សានុសិស្សអាចបរិភោគទឹកស្អាតចេញ ពីប្រព័ន្ធចម្រោះនេះបានដោយគ្មានការបារម្ភអ្វីឡើយ ព្រោះទឹកស្អាតនេះបានចម្រេញដោយ ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលកំចាត់ជាតិពុលនិងមេរោគគ្មានសល់ឡើយ។
ឯកឧត្តមអភិបាលរង បានបញ្ជាក់ថា ការសម្រេចបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនេះឡើង គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរដែនដី ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈមានទឹកស្អាតបរិភោគគ្រប់គ្រាន់ ធានាឲ្យសិស្សមានសុខភាពល្អហើយទៅសាលា រៀនបានទៀងទាត់។ លោកបានបញ្ជាក់ថា អាជ្ញាធរនិងពង្រីកការផ្តល់ប្រព័ន្ធទឹកស្អាតនេះទៅ សាលារៀនផ្សេងៗទៀត ដើម្បីជាគុណប្រយោជន៍របស់សិស្សានុសិស្សធានាឲ្យពួកគេមាន សុខភាពល្អបរិបូរណ៍ក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនាពេលខាង មុខ។
លោករស់ សោភា តំណាងក្រុមហ៊ុនកូកាកូឡាបានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាត ថ្មីនេះបានបន្សុទ្ធទឹកអោយមានភាពស្អាត១០០ភាគរយ ហើយតាមការពិសោធន៍នៅក្នុងឡាបូ ក៏បានបញ្ជាក់ពីភាពស្អាតនិងសុវត្ថិភាពសម្រាប់អ្នកបរិភោគផងដែរ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញក្រុមហ៊ុននេះនឹងបន្តកម្មវិធីលើកកម្ពស់សុខភាព ការប្រើប្រាស់ទឹកស្អាត និងការថែរក្សាអនាម័យបរិស្ថាននៅតាមសាលារៀននានាមួយ ចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ សុខុមាលភាពសាធារណៈពិសេសសិស្សានុសិស្ស។
លោក ពេជ ចាម នាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់បានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាតថ្មីនេះបានជួយសម្រួលការលំបាកនិងការចំណាយរបស់សិស្សានុសិស្ស ដោយពុំចាំបាច់យកទឹកស្អាតពីកផ្ទះដូចមុនឡើយហើយពួកគេក៏អាចយកទឹកពីសាលារៀននេះត្រឡប់ទៅផ្ទះវិញបានថែមទៀតផង។
សូមបញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកស្អាតដែលបានបំពាក់នៅក្នុងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់នេះ បានចំណាយថវិកាជាង១ម៉ឺន៥ពាន់ដុល្លា ហើយបានបំរើផលប្រយោជន៍ជូន សិស្សានុសិស្សជាង១១០០នាក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរសាលារៀននេះជាង ២០០០នាក់បន្ថែមទៀត៕