ភ្នំពេញ៖ នារសៀលថ្ងៃទី២២ មេសា ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង លោក កែវ សំណាង ជាអភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន យោងតាមសេចក្តីប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ។
ក្នុងនោះអភិបាលខណ្ឌ ចាស់ចំនួន៦រូបទៀតក៏ត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌផងដែរ ។អភិបាលខណ្ឌចាស់ចំនួន៦រូបដែលត្រូវបានប្រកាសបន្តអាណត្តិជាអភិបាលខណ្ឌមានដូចជា លោក សុខ សម្បត្តិ នៅជាអភិបាលខណ្ឌ ព្រែកព្នៅ លោកឃ្លាំង ហួត នៅជាអភិបាលខណ្ឌជ្រោយចង្វា លោកឯក ឃុនដឿន នៅជាអភិបាលខណ្ឌទួលគោក លោក លឹម សុភា នៅជាអភិបាលខណ្ឌ៧មករា លោក ហែម ដារិទ្ធ នៅជាអភិបាលខណ្ឌពោធិសែន ជ័យ លោកពេជ្រ កែវម៉ូនី នៅជាអភិបាលខណ្ឌមានជ័យ។ ក្រៅពីនេះ អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌសរុបចំនួន៤៤រូប ក៏ត្រូវបានប្រកាសជាមួយគ្នានោះផងដែរ។
ក្នុងពិធីនោះត្រូវបានប្រកាសតែងតាំងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ មកជាអភិបាល ខណ្ឌចំការមន ជំនួសលោក ព្រុំ សំខាន់ ដែលផ្ទេរភារកិច្ចមកបម្រើ ការងារនៅសាលារាជធានីភ្នំពេញ។ លោក ធឹម សំអាន អភិបាលរងខណ្ឌចំការមន មកជាអភិបាលខណ្ឌបឹងកេងកង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ មកជាអភិបាលខណ្ឌកំបូល៕