យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនក្នុងរង្វង់ជាង ៧ភាគរយនៅក្នុងឆ្នាំ២០១៩នេះ ដែលធ្វើឱ្យប្រទេសនេះ បន្តតំណែងរបស់ខ្លួនជាបន្តទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ី ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។ សម្តេច ហ៊ុន សែន បានថ្លែងថានេះ ក្នុងសិក្ខាសាលាស្តីអំពី «បរិយាកាសវិនិយោគនៅកម្ពុជា» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចបញ្ជាក់ថា សូចនាករនេះបានបង្ហាញថា កម្ពុជាស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ តាមការគ្រោងទុកក្នុងរបៀបវារៈនៃគោលនយោបាយជាតិរបស់ខ្លួន។
បើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧,៧% ហើយបានចាកចេញផុតពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,២% ធៀបទៅនឹងការគ្រោងទុក ៧,១% ប្រចាំឆ្នាំដែលជាមូលដ្ឋាននៃភាពរឹងមាំ៕
ដកស្រង់ពី Klay Klay ដោយ សុខជា