រដ្ឋមន្រ្តីការបរទេសទីម័រឡេស្តេស្នើសុំ សម្តេចប្រធានរដ្ឋសភាកម្ពុជា គាំទ្រប្រទេសខ្លួនជាសមាជិកអន្តរសភាអាស៊ាន

0
374

ភ្នំពេញ៖ ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បាបូ សូរេស(Dionisio dacosta Babo Soares) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ  បានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គំាទ្របេក្ខភាពសភាប្រទេសខ្លួន ជាសមាជិកអន្តរ សភាអាស៊ាន ដែលជាអង្គការសភារបស់ប្រទេសសមាជិកអាស៊ាននោះ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកសំណើនេះជូន  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយសម្តេច  នៅវិមាន រដ្ឋសភា នៅក្នុងឱកាសដែល  ឯកឧត្តម  និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា ក៏បានជម្រាបសម្តេចពីលទ្ធផលនៃដំណើរ ទស្សនកិច្ច របស់ឯកឧត្តម  រយៈពេលពីរថ្ងៃនៅកម្ពុជាផងដែរ។  ឯកឧត្តមបានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣  ខែមិថុនា ឯកឧត្តមនិងគណៈប្រតិភូ បានជួបពិភាក្សាការងារជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និងបានជួបសម្តែងការគួរសមជាមួយ  សម្តេចអគ្គមហាសេនាប តីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេស ទំាងពីរឲ្យកាន់តែស៊ីជម្រៅ។ ជាពិសេសប្រទេសទីម័រឡេស្តេបាន ស្នើសុំកម្ពុជាគំាទ្រដល់ បេក្ខភាពរបស់ខ្លួន បានក្លាយជាសមាជិកអាស៊ាននិងអន្តរសភាអាស៊ានដែលហៅកាត់ថា អាយប៉ានោះ។

ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ដល់ចំណងមិត្តភាពសាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងទីម័រឡេស្តេ  ពីសំណាក់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគ្រប់ជាន់ ថ្នាក់។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទីម័រឡេស្តេ  ក៏បានវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើន  និងសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបាននាពេលនេះដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រសំណើលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ទីម័រឡេស្តេ  និងបានគូសបញ្ជាក់ថា កម្ពុជារីករាយក្នុងការរួមចំណែកជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការចែករំលែក បទពិសោធន៍នានាក្នុងគោលដៅបង្រួញគម្លាត នៃការអភិវឌ្ឍប្រទេសក្នុងតំបន់ជាពិសេសការធ្វើសមាហរ ណកម្មតំបន់។ សម្តេចមានប្រសាសន៍បន្តថា ជាការពិតណាស់ ដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់ និង សកម្មរបស់ខ្លួន ទីម័រឡេស្តេ  គប្បីទទួលបានភាពជាសមាជិកនៅក្នុងអង្គការឬវេទិកាអន្តរសភា និងក្នុងអង្គ ការស្ថាប័ននីតិប្រតិបត្តិដទៃៗទៀត នៅក្នុងតំបន់ និងសកលលោក ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ទំនាក់ទំនងល្អរវាងកម្ពុជា-ទីម័រឡេស្តេ  ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ គឺថែមទាំង រួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។

ឯកឧត្តម ឌីយ៉ូនីស្យូ ដាកូសតា បានអរគុណចំពោះការគំាទ្ររបស់សម្តេចប្រធានរដ្ឋសភា ដល់ប្រទេស ទីម័រឡេស្តេ។  ប្រទេសទីម័រឡេស្តេ ក៏បានថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តីដែលបាន ផ្តល់អាហាររូបករណ៍ដល់និស្សិតទីម័រឡេស្តេ  បានមកសិក្សានៅកម្ពុជានិងបានអរគុណ ចំពោះកម្ពុជាដែល នឹងប្តេជ្ញាចិត្តខិតខំជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម កសិកម្ម រវាងប្រទេសទំាងពីរឲ្យកើនឡើងផងដែរ៕ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here