៣ចំណុច យល់ដឹងអំពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ពីម្ចាស់ដើមមកអ្នកទិញ

0
1912

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើន មិនទាន់មានការយល់ដឹងពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ឬ ​ផ្ទះសម្បែងពីម្ចាស់ដើមទៅអ្នកទិញនោះទេ ។ ហើយដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីឱ្យជួយរត់ការឱ្យ ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។

ចំពោះដំណើរការនៃការកាត់ប្លង់ដី ឬ អចលនទ្រព្យ គឺមានដូចខាងក្រោមនេះ ៖

១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និង សាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និង សៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណបណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ ។

២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និង ផ្តិតមេដៃ ចំពោះមុខបុគ្គលិកសុរិយោដៃរួច ។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និង មេឃុំមានសិទ្ធិហត្ថលេខា និង បោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ)។ បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និង បោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ ម៉ឺនរៀលក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុនណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និង លក់ផ្តាច់អមជាមួយដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចតទៅ ៖

ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដី ដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ គឺត្រូវអនុវត្តដូចខាងក្រោមនេះ ៖

៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីការិយាល័យសុរិយោដីស្រុក យកទៅកាន់មន្ទីរសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និង អនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រ ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់នៅឯពន្ធដាខេត្ត ដោយរង់ចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតម្លៃដី និង គណនាពន្ធប្រថាប់ត្រារួច ខាងពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា ៤% រួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង ឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង លិខិតផ្ទេរសិទ្ធិនោះ ទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និង បោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែ ទៅ៦ខែ ៕ប្រភពpopular

LEAVE A REPLY

Please enter your comment!
Please enter your name here