ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារអរគុណក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលផ្តល់យន្តហោះ ដឹកម៉ាស និងបរិក្ខារពេទ្យ ទៅប្រទេសទីម័រ

0
1510
ភ្នំពេញ៖ ក្នុងសារលិខិតមួយដែលទទួលបាន នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airway) ដែលបានផ្តល់យន្តហោះពីរគ្រឿង ដឹកម៉ាស និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសទីម័រ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដែលបានជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន ១លាន៥ម៉ឺន និងបរិក្ខារពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏បានផ្តល់យន្តហោះប្រមាណ ៣គ្រឿង ជួយដឹកម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកម៉ាស និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន១២មុខ ទៅកាន់ប្រទេសទីម័រ។ ជំនួយរបស់កម្ពុជា ផ្តល់ជូនទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ ១ពាន់គូ។

ក្រៅពីទីម័រ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here