យោងតាមលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តមស្រ៊ុន ស្រ៊ន់និងឯកឧត្តម ផៃ ប៊ុនវណ្ណៈ ពីអភិបាលរង ខេត្តព្រះសីហនុ ។ក្រោយការដកតំណែងភ្លាមៗសម្ដេចបានប្រគល់តួនាទីឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេត និងចាត់ការបន្ត ។
សូមបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈកាលពីពេលកន្លងទៅមានជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុរហូត មានការចាប់ខ្លួន ពលរដ្ឋ៦នាក់ផងដែរ។
ចំណែកគណៈកម្មការចំពោះកិច្ច ដែលបង្កើតឡើងដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះ ទៅស្រាវជ្រាវ រកឃើញកងរាជអាវុធហត្ថ ៥នាក់ និង យោធិនម្នាក់មានពាក់ព័ន្ធនឹងអំពើហិង្សា ហើយក្រុមប្រឹក្សាវិន័យកងរាជអាវុហត្ថ បានបើកកិច្ចប្រជុំនិងសម្រេចរួចហើយ ពីការដាក់ពិន័យលើអ្នកទាំងនោះ។ក្នុងចំណោមពួកគេមាន ៤នាក់ គ្រាន់តែត្រូវបានស្តីបន្ទោសជា លាយលក្ខណ៍អក្សរប៉ុណ្ណោះ ពីសំណាក់ក្រុមប្រឹក្សា វិន័យកងរាជអាវុធហត្ថ ចំណែក ២នាក់ទៀត ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវប្រឈមមុខជាមួយតុលាការ ៕