ខេត្តត្បូងឃ្មុំ នឹងមាន មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារ

0
623

(ត្បូងឃ្មុំ) នៅព្រឹក ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលគម្រោងថវិកាជិត ៥០លាន ដុល្លារអាមេរិក ដែលជាជំនួយរបស់មិត្តចិន។

មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលបានបើកការដ្ឋានសាងសង់នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ដែលបានចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ នៅលើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងសាងសង់គឺមានរយ:ពេល៤០ខែ ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៤៥,៦៦០,០០០ដុល្លារអាមេរិក។ មន្ទីរពេទ្យដ៏ធំនេះមានទីធ្លាធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខារ ពេទ្យទំនើបៗទៀតផង។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយប្រទេសកម្ពុជាលើការកសាងសមិទ្ធផលជាតិជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន មន្ទីរពេទ្យ និងវិស័យផ្សេងៗ ជាច្រើនទៀត។ បច្ចុប្បន្ននេះ វិនិយោគគិនចិនគឺជាអ្នកមកវិនិយោគធំជាងគេនៅក្នុង ប្រទេសកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើនទៀតផង។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជួយរបស់មិត្តចិនក្នុងការកសាងមន្ទីរពេទ្យនេះ គឺជាគោលដៅមួយក្នុងការរួមចំណែកអភិវឌ្ឍគោលនយោបាយគាំពារសង្គមផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ តាំងពីអណត្តិទី៥ ក្នុងការថែទាំសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសសុខភាពស្ត្រី មាតា និងទារក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ដោយហ្មឺងម៉ាត់សារជាថ្មីថា អណត្តិនេះគឺត្រូវតែមានការកែទម្រង់ស៊ីជម្រៅបំផុត ដើម្បីបំរើផលប្រយោជន៍ អោយបានដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតពិតប្រាកដ គឺសម្តេចតេជោបានចាប់ផ្តើមអនុវត្តអភិក្រម ទាំង៥គឺ ១-ឆ្លុះកញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់។ សម្តេចតេជោ បានបញ្ជាក់ច្បាស់ថា ទោះជាមន្ត្រីមានឋានៈប៉ុណ្ណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ ក៏ដោយ អោយតែបំពានប្រយោជន៍ប្រជាជនគឺសម្តេចត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបំរើប្រជាពលរដ្ឋប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។

ដោយសារកាលពីពេលថ្មីៗកន្លងងទៅនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងចំពោះ ជំងឺឆ្កែឬឆ្មាខាំ ដែលមានផ្សាយតាមហ្វេសប៊ុគមួយចំនួន នៅថ្ងៃនេះ សម្តេចតេជោ បានអំពាវនាវដល់ពល រដ្ឋសូមកុំមានការភ័យតក់ស្លុតខ្លាំងពេក ហើយសម្រុកនាំគ្នាទៅចាក់ថ្នាំបង្ការ។ រីឯបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដែលមិនមានឆ្កែខាំផងក៏នាំគ្នាសម្រុកទៅចាក់ថ្នាំនៅវិទ្យាស្ថានប៉ាស្ទ័រ និងនៅតាមមន្ទីរពេទ្យដទៃៗ ទៀត ដែលធ្វើអោយមានការប៉ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាកកស្ទះយ៉ាងខ្លាំង។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ចាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជា និងមិត្ត ចិនទាំង អស់ថា កម្ពុជាមិនអោយចិនត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់ ត្រួតត្រាកម្ពុជានោះដែរ។ ការដែលសម្តេចមានប្រសាសន៍បែបនេះ គឺដោយសារកន្លងមកមានមតិមួយចំនួនតែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកអោយ ចិនមកត្រួតត្រា ហើយមានបំណងចង់ដេញចិនអោយទៅវិញ។ ដូច្នេះសម្តេច បានបញ្ចាក់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតអោយចិនមកត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់មកត្រួតត្រាកម្ពុជានោះដែរ គឺមិត្តចិនគេមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសយើង ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនទៅមុខ។ មិត្តចិនគេគោរពបូរណភាព និងអធិបតេយ្យភាពកម្ពុជាយើងណាស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here