(ភ្នំពេញ) បន្ទាប់បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបង្កើត “វេទិការសាធារណៈ ឯកជន ស្តីពីការអភីវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេទិការសាធារណៈ ឯកជនលើកទី១ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ដោយ មានការចូលរួមពីឯកឧត្តម YUKI FUMIHIKO អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ។
វេទិការដ៏សំខាន់នេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកបទពិសោធពាក់ព័ន្ធការរៀបចំទីក្រុង និងការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ រួមទាំងផ្តល់គំនិតដល់ការរៀបចំការបង្កើតទីក្រុងវៃឆ្លាត ( Smart CITY) នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកលំហធុរកិច្ចកម្ពុជា-ជប៉ុន។
បន្ទាប់ពីកិច្ចពិភាក្សា និងផ្លាស់ប្តូរបទពិសោធរយៈពេលពេញមួយថ្ងៃ ទទួលលទ្ធផលដូចខាងក្រោមនេះ៖ ១-បង្កលក្ខណៈដល់ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជាចាប់ដៃគូវិនិយោគរួមគ្នា ជាពិសេសលើការអភិវឌ្ឍអចលទ្រព្យ ការអភិវឌ្ឍសំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្ត បរិស្ថានទីក្រុង ការរៀបចំទីក្រុង និងរួមចំណែកក្នុងការបង្កើត Smart Cities ។
២-ជប៉ុនជួយគាំទ្របង្កើតទីក្រុងឆ្លាតវៃ (Smart Cities) នៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលជាទីក្រុងគំរូ ។
៣-ជប៉ុនជួយគាំទ្រ និងរួមចំណែកដល់ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ( Smart Cities) អាស៊ានជប៉ុន និងការបង្កើតវេទិការសារធារេណៈ ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុននៅពេលខាងមុខ។
៤-នៅខែតុលា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ រដ្ឋភិបាលជប៉ុន និងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីពិភាក្សាអំពីការរីកចម្រើន ចែករំឡែកបទពិសោធ និងដោះស្រាយ បញ្ហាប្រឈម ។ នៅឆ្នាំ២០២០ នៅក្រុងសៀមរាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍រៀបចំវេទិកាសារធារណៈឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន លើកទី២។
៥-នៅពាក់កណ្តាល់ខែមីនា ឆ្នាំ២០១៩ ជប៉ុននឹងបញ្ជុនអ្នកបច្ចេកទេសមកសិក្សាដំឡើងផ្កាយរណបគាំទ្រដល់ការងាររៀបចំស្ថានីយវាស់វែងអចិន្ត្រៃនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការងារវាស់វែង និងផលិតផែនទី ៕