(ភ្នំពេញ) ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្តម ង្វៀន ភូជុង បានជម្រាប សម្តេចប្រធានរដ្ឋសភា ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីនៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើងថែមទៀត ពិសេសរដ្ឋសភាប្រទេសទំាងពីរ។
ឯកឧត្តមប្រមុខរដ្ឋវៀតណាម បានកោតសរសើរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋសភាកម្ពុជានិងវៀតណាម ទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ តាមរយៈវេទិកាអន្តរសភានានា ដែលមានអន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ា ជាដើមនោះ កម្ពុជាវៀតណាម បានគំាទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា សភាពការណ៍ពិភពលោកនិងតំបន់មានការប្រែប្រួលផ្លាស់ប្តូរជានិច្ច ទំាងផលវិជ្ជមាននិងអវិជ្ជមានដែលទាមទារឲ្យប្រទេសនីមួយៗខិតខំតស៊ូ ដើម្បីជោគជ័យប្រទេសនីមួយៗ។
ឯកឧត្តម ង្វៀន ភូជុង បានលើកឡើងថា ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជានិងវៀតណាម បានឆ្លងកាត់ការសាកល្បងដ៏លំបាកជាច្រើនដំណាក់កាល ទំរាំបានជោគជ័យដូចពេលបច្ចុប្បន្ន។ ចំណងសាមគ្គីភាពនេះត្រូវពង្រឹងពង្រីកទៅមុខបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ពីព្រោះរដ្ឋសភាមានតួនាទីសំខាន់ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសវៀតណាមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ង្វៀន ភូជុង មិនត្រឹមតែបានផ្តល់នូវកិត្តិយសដ៏ធំធេងដល់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមំាទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណប្រទេសវៀតណាមដែលបានរំដោះនិងគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមមក និងបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា។ សម្តេចបានលើកឡើងថា បច្ចុប្បន្នប្រទេសវៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទំាងក្នុងតំបន់ និងសកលលោក ហើយកិត្យានុភាពរបស់មិត្តវៀតណាម កាន់តែលេចធ្លោលើឆាកអន្តរជាតិ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះ ប្រទេសវៀតណាម ដែលបានក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺ ឯកឧត្តម ដូ ណាល់ត្រាំ និង ឯកឧត្តម គីម ជុងអ៊ុន នៅក្នុងខែកុម្ភៈនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បី សន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោកនោះ៕