ភ្នំពេញ ៖ រថយន្តកូរ៉េ ដឹកមាន់ បុករះម៉ូតូឌ្រីម និងឡានកុងតឺន័រកំពុងឈប់ស្តុប បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅផ្លូវវេងស្រេង ហេតុការណ៍នេះ កើតឡើងកាលពីរំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសម្នាក់រួមដំណើរ និងព្រូបីនាក់ទៀត បើករថយន្តកូរ៉េដឹកមាន់ បោះពួយយ៉ាងលឿន ខណៈមកដល់ភ្លើងស្តុបមិនឈប់ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ និងរថយន្តកុងតឺន័រកំពុងឈប់ស្តុបពេញទំហឹង បណ្ដាលឲ្យម្ចាស់ខ្ទាតចេញ រងរបួសធ្ងន់ហើយរថយន្តកូរ៉េផុងជាប់កន្ទុយរថយន្តកុងតឺន័រ បណ្ដាលឲ្យតៃកុងរថយន្តគៀបជាប់ស្លាប់មួយរំពេច ។
ជនរងគ្រោះ (អ្នកបើករថយន្តស្លាប់)មានឈ្មោះ ដូច សន ភេទប្រុស អាយុជាង៤០ឆ្នាំ ។
មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4133 បើកដោយបុរសម្នាក់ រួមដំណើរនឹងព្រូបីនាក់ ដឹកមាន់ពេញរថយន្ត ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយទំនងអ្នកបើកបរងោកមួយភាំង បានជ្រុលទៅបុកម៉ូតូឌ្រីមសង់២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M 8023 ជិះដោយបុរសម្នាក់ កំពុងឈប់ស្តុបនៅពីក្រោយរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A 1968 ពេញទំហឹងបណ្ដាល ឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសធ្ងន់ ចំណែករថយន្តកូរ៉េដឹកមាន់ផុង ជាប់គូទរថយន្តកុងតឺន័របណ្ដាលឲ្យតៃកុងគាបជាប់ស្លាប់គួរឲ្យអាណោចអាធម័ ។
តៃកុងរថយន្តកុងតឺន័រ ក្រោយស្តុបលោតខៀវហើយក៏បើករថយន្តបត់ មកតាមបណ្ដាយផ្លូវ៣០ម៉ែត្រ ដោយមិនបានដឹងថា រថយន្តកូរ៉េដឹកមាន់ជាប់គូទរថយន្តកុងតឺន័រនោះទេ ដោយបើកបានប្រមាណ១០០ម៉ែត្របានឈប់រថយន្តចុះគេចខ្លួនបាត់ ។
ម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ និងរថយន្តកុងតឺន័រមួយគ្រឿងទៀត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB