កំពង់ឆ្នាំង: ហៅម៉ូតូឌុបជិះ យកទៅអារកប៉ង់សម្លាប់ប្លន់ម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ រួចយកម៉ូតូទៅបាត់ដោយសុវត្ថិភាព ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះលាសយ៉ានអាយុ៦៣ឆ្នាំជនជាតិខ្មែរឥស្លាមមានទីលំនៅភូមិទី៤សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងរងរបួសធ្ងន់ផ្នែកកនិងក្បាលជាច្រើនកន្លែងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្កខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុបុរសរងគ្រោះ បានចេញពីផ្ទះទៅរត់ម៉ូតូឌុបដោយជិះម៉ូតូម៉ាកហុងដា សេ125 ស៊េរី 011 ស្លាកលេខ បាត់ដំបង 1k 6043 មកឈរចាំនៅចំណុចដរចម្លងទទឹង ភូមិចុងកោះ ដូចសព្វដងពេលនោះ ក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាជាង២០ឆ្នាំបានហៅម៉ូតូឌុបជនរងគ្រោះខាងលើជិះពីកំពង់ផែឆ្ពោះទៅផ្សារមាសលុះពេលទៅដល់ចំណុចកើតហេតុបានឲ្យជនរងគ្រោះឈប់ម៉ូតូហើយក៏ធ្វើសកម្មភាពចាប់អាករប្លន់យកម៉ូតូប៉ុន្តែពេលនោះជនរងគ្រោះបានប្រតាយប្រតប់រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះត្រូវក្បាលជាច្រើនកន្លែងបន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះបណ្ដាលឲ្យដួលសន្លប់ហើយក៏យកម៉ូតូគេចជិះគេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះដល់ទីតាំងរកឃើញកាំបិត ចិតបន្លែដងខ្មៅ មួយ ប្រឡាក់សុទ្ធតែឈាម ក្រុមកម្លាំងជំនាញសន្និដ្ឋានថា ជារបស់ជនដៃដល់ ។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខជនបង្កដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕