(ភ្នំពេញ) ខណៈសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ពីកំនើនខុសៗគ្នាកន្លងមក ពេលនេះការវាយតម្លៃចុងក្រោយដោយស្ថាប័នអន្តរជាតិបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៥ភាគរយកាលពីឆ្នាំមុន។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតការងារក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី១៤ កុម្ភៈកន្លងមកថា មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) សហការជាមួយស្ថាប័នជំនាញរបស់កម្ពុជាវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨មានកំណើនរហូតដល់ ៧,៥%នោះ។
សំដៅដល់ការដាក់ចេញនិតិវិធី ដើម្បីដកប្រព័ន្ឋអនុគ្រោះពន្ឋពីសហភាពអឺរ៉ុបចេញពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា យើងត្រូវរួមគ្នាធ្វើការដើម្បីពង្រីការលូតលាស់ខាងសេដ្ឋកិច្ច ដើម្បីបន្តពង្រឹងឯករាជ្យភាពខាងនយោបាយរបស់យើង។ ប្រទេសមួយបើមិនអាចអនុវត្តច្បាប់របស់ខ្លួនបាន មិនចាំបាច់ហៅថារដ្ឋអធិបតេយ្យនោះទេ។
ជាមួយនឹងលទ្ឋផលដ៏ប្រសើរនេះ សម្តេចក៏បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅខែមីនាខាងមុខនេះ ដើម្បីពិភាក្សាជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
សម្តេចបន្តថា “យើងត្រូវប្រែក្លាយការប្រឈម ឱ្យទៅជាឱកាស ជាកាលានុវត្តភាព នៃការខិតខំឈានឡើងនៃសេដ្ឋកិច្ចរបស់យើង”។ សម្ដេចថ្លែងបន្តថា “ការព្យួរ EBA ដែលនឹងមានរយៈពេល១៨ខែទៀត បើទោះជាបាត់ឬនៅមានជាបន្ត ក៏មិនអាចធ្វើឱ្យយើងស្លាប់ ឬក្លាយទៅជាអ្នកមានបានដែរ។ EBA មុននិងក្រោយគង់នឹងបាត់ដូចគ្នា គ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ ដូចនេះការរកស៊ីបង់ពន្ធឱ្យគេ និងគេបង់ពន្ធឱ្យយើងគឺជារឿងជៀសមិនរួច ហើយថ្លៃថ្នូរ និងមានស្ថិរភាពទៀតផង”៕