ភ្នំពេញ៖ បន្ទាប់ពីមានជនទុច្ចរិតមួយចំនួន នៅលើបណ្តាញសង្គមហ្វេសប៊ុក តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា មកនោះ នៅថ្ងៃទី១២ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនីហ្វេសប៊ុកទាំងឡាយណា ដែលប្រឌិតព័ត៌មានអាក្រក់ លើស្ថានភាពសុខភាព របស់នាយករដ្ឋមន្ត្រី នៅក្នុងតំណែង នាំឱ្យមានការជ្រួលច្របល់មតិសាធារណៈ ប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្ត ថា “កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ”។
សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចេញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិត ពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេស។
ក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានថ្លែងថា “ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំនិងបារម្ភអំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យ ក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល! ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់ឲ្យខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត៕