(ភ្នំពេញ)៖ ស្រ្តីម្នាក់ស្រវឹងស្រា បើករថយន្តបុករ៉ឺម៉កកង់បីឥណ្ឌា មិនឈប់ដោះស្រាយបើករត់ដល់ស្តុបក្ដាន់ពីរ ទើបសមត្ថកិច្ចឃាត់បាន ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង២យប់ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-5161 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវបំបែកជាបួនក៏មានរ៉ឺម៉កកង់បីឥណ្ឌាឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូងក៏ជ្រុលបុកគ្នាចមពេញមួយទំហឹងបណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល ។
រីឯរ៉ឺម៉កកង់បី ខ្ទាតរងការខូចខ្ទេចមួយចំហៀង ភ្លាមៗនោះ អ្នករថយន្តខាងលើមិនបាន ឈប់ដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ថែមទាំងបើករថយន្តរត់គេចក៏ត្រូវបានសមត្ថកិច្ច បោះដៃតាមវិទ្យុទាក់ទងអំពីស្លាកលេខរថយន្ត និងមានអ្នកដេញពីក្រោយផងរហូតរត់ ដល់ស្តុបក្ដាន់ពីរ ទើបសមត្ថកិច្ចធ្វើការឃាត់បានរថយន្តភ្លាមៗតែម្ដង។
ចំណែកឯអ្នកបើកបររថយន្ត មានសភាពស្រវឹងស្រាឈរមិននឹងខ្លួន ក៏ត្រូវបានសមត្ថកិចជំនាញឃាត់យកទៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកយកអ្នកបើកបរ និងរថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕