កិច្ចប្រជុំលើកដំបូង!!! ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ

0
376

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាអនុប្រធានគណៈ កម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសមាជិក សមាជិកា គណៈកម្មាធិ ការសម្បទានដី សង្គមកិច្ចថ្នាក់ជាតិ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំលើកទី ១ បន្ទាប់ ពីមានការផ្លាស់ប្តូរសមាភាពមួយចំនួនក្នុងគណៈកម្មាធិការ។

ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីសង្គមកិច្ច គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦ ៦៩៩ ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។

អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោង និងបានឯកភាពលើគំនូរប្លង់ ស្ថាបត្យកម្ម សម្រាប់សាងសង់ផ្ទះជូនគ្រួសារកងទ័ពនគរបាលជាតិនៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដែលជាប្រភេទផ្ទះប៉ិតម៉ូតខ្មែរទំហំ ៦,៥ ម X ៧,៣ ម សសរបេតុងអាម៉េនិងគ្រោងដែក ក្រាលស្មាតបត ជញ្ជាំងស្មាតបត ប្រក់ក្បឿងស៊ីម៉ង់ត៍) ដែលមិនជ្រាបទឹក និងធននឹងអគ្គិភ័យ និងដាក់ចេញនូវ ទិសដៅ អនុវត្តសម្រាប់ឆ្នាំ ២០១៩៖ (១).ពង្រឹងការគ្រប់គ្រងដីរក្សា ទុកសម្រាប់គោល ដៅសម្បទាន ដីសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើការបោះបង្គោល កំណត់និយាមកា ចុះបញ្ជីដីរដ្ឋ និងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិជូនអ្នករំលោភកាន់កាប់ ដីដែលរក្សាទុក សម្រាប់គោលដៅ សម្បទាន សង្គមកិច្ច (២).បន្តធ្វើការសាងសង់ផ្ទះជូនគ្រួសារកងទ័ពនិងនគរបាលជាតិតាមបណ្តោយព្រំដែន និងគ្រួសារ អតីតយុទ្ធជន (៣).ជំរុញការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្រប់លក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច (៤).បង្កើតក្រុមការងារដើម្បីចុះ ធ្វើបច្ចុប្បន្នភាព ទីតាំងសម្បទានដីសង្គមកិច្ច និងត្រួតពិនិត្យការប្រើប្រាស់ដី និងផ្ទះដែលបានប្រគល់ដល់សម្បទានិកនៅ តាមខេត្តគោលដៅ។

គណៈបញ្ជាការឯកភាពខេត្ត ត្រូវចេញបណ្ណកម្មសិទ្ធិជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់ គ្របលក្ខណ្ឌ និងដកហូតដី និងផ្ទះត្រឡប់មកវិញ ក្នុងករណីការរស់នៅ និងប្រើប្រាស់មិន ស្របតាមលក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច ដើម្បីទុកប្រគល់ជូនមុខ សញ្ញាសម្បទានិកថ្មី ដែលកំពុងត្រូវ ការពិតប្រាកដ។ (៥). ជំរុញអនុវត្តបញ្ចប់ឱ្យបានជោគជ័យគម្រោង LASED II ក្រោមហិរញ្ញប្បទានធនាគារពិភពលោក និងរៀបចំឱ្យមានប្រសិទ្ធភាពនូវគម្រោង LASED III ដែលគ្រោងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ លើផ្ទៃដីទំហំប្រមាណ ២៧ ០០០ ហិកតា មាន ៣០ ទីតាំង សម្រាប់សម្ប ទានិកចំនួន ១៥ ០០០ គ្រួសារ ទៅ ១៦ ០០០ គ្រួសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ ក្នុងនោះ មានសហគមន៍ជន ជាតិដើមភាគ តិចចំនួន ១៨ ទីតាំង (៦).ដីដែលមិនមានជីវជាតិត្រូវរក្សាទុកសម្រាប់សង់លំនៅឋាន និងដីមានជីវជាតិទុក សម្រាប់ផ្តល់ជាដីធ្វើកសិកម្ម។

ឆ្លៀតក្នុងឱការនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តលើកផែនការផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ អគារសិក្សា មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈជាមូលដ្ឋានដទៃទៀតក្នុងទីតាំងសម្បទានដីសង្គមកិច្ច ជួយជំរុញទាំងការងារយេនឌ័រ ការងារថែ ទាំសុខភាព និងចលនាសប្បុរសជនឱ្យចូលរួមគាំទ្រការងារសាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិ នៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here