ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញធ្វើបាឋកថា ផ្សព្វផ្សាយ «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ»និងច្បាប់ស្តីពីវិសោធនកម្ម «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុ។ពិធីនេះធ្វើឡើង នៅសាលាខេត្តព្រះសីហនុដោយមានការចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងវត្តមានមន្ត្រីតំណាងមន្ទីរ អង្គភាពនានាក្នុងខេត្ត។
ក្រោយប្រសាសន៍ស្វាគមន៍ពីឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ថាការផ្សព្វផ្សាយច្បាប់ ប្រឆាំងអំពើពុករលួយនេះ ធ្វើឡើងក្នុងគោល បំណងលើក កម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនិតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់ គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ យុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គម ជាតិ និងកាត់ បន្ថយភាពក្រីក្រ ដោយបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយថែមទៀតដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តព្រះសីហនុក្នុងការចូលរួមក្នុងការទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាព ស្ថាប័ន ការគាំទ្រ និងការចូលរួមពីសាធារណជន ក៏ដូចជាវិស័យឯកជននិងពង្រឹងការអនុវត្តន៍ច្បាប់។