ពោធិ៍សាត់៖ ដោយសាររឿងគំនុំ ! ក្មេងទំនើង២ក្រុម ជិះម៉ូតូដេញវាយកាប់ចាក់គ្នា ស្លាប់ម្នាក់ សមត្ថកិច្ចចាប់ខ្លួនម្នាក់នៅស្រុកបាកាន ហេតុការណ៍នេះបានកើតឡើងកាលពី ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅខាងលិចវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៦នាក់ បាននាំគ្នាទៅអង្គុយលេងមុខរោងម៉ាស៊ីនស្រូវទល់មុខវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយមកក្រុមជនរងគ្រោះបានជិះម៉ូតូចេញពីឃ្លាំងស្រូវមកផ្ទះ ៣នាក់ នៅសល់៣នាក់ក៏ជិះម៉ូតូ២គ្រឿងទៅទិសខាងលិច បានចម្ងាយប្រហែល២០០ម៉ែត្រ ក៏ក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿងមានគ្នា៦នាក់ ប្រដាប់ដោយដាវដំបងវាយទៅលើជនរងគ្រោះកំពុងជិះម៉ូតូ ចំគុម្ពត្រចៀកខាងឆ្វេងធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ហែល ប្រុសពៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាជនដៃដល់នឹងបក្ខពួកចំនួន៥នាក់(មធ្យោបាយម៉ូតូ៣គ្រឿងសេ១២៥ចំនួន២គ្រឿង និងម៉ូតូអិចសង់ទ័រ១គ្រឿង)។
ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយបានសារភាពថាខ្លួននឹងបក្ខពួកពិតជាបានប្រព្រឹត្តវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន មូលហេតុ ដោយសារគំនុំ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមបញ្ជារបស់ព្រះរាជអាជ្ញា ៕
ប្រភព៖ FB