គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលមិនចាញ់ប្រទេសជឿនលឿន

0
661

គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ លើក​ស្ទូយ​មុខមាត់​ប្រទេស​ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់​តែ​រីកចម្រើន។ ដូច្នេះ​សូម​មក​ដឹង​ទាំង​អស់​គ្នា​ថា តើ​កម្ពុជា​មាន​គម្រោង​សាងសង់​អ្វី​ខ្លះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ? ​

១) ផ្លូវ​ដែក​ពី​កម្ពុជា​អាច​ឆ្លង​កាត់​២៧​ប្រទេស

ឆាប់ៗ ​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​ផ្លូវ​ដែក​តភ្ជាប់​ទៅ​កាន់ ២៧​ប្រទេស ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​ជិះ​រថភ្លើង​ទៅ​កាន់​ប្រទេស​ទាំង​នោះ​ទៀត​ផង​។

បច្ចុប្បន្ន​កម្ពុជា​កំពុង​ដំណើរ​ការ​គម្រោង​ថ្មី ​ដែល​ហៅ​ថា SKRL(Singapore Kunming Rail Link) ​​គឺ​​នឹង​មាន​ផ្លូវ​ដែក​ចេញ​ពី សិង្ហបុរី មក​កម្ពុជា ក្នុង​នោះ​ត្រូវ​ឆ្លង​កាត់​ប្រទេស​​ម៉ាឡេស៊ី ភ្ជាប់​ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​​មក​ទៀត​ នឹង​​ភ្ជាប់​មក​កាន់​កម្ពុជា ​ហើយ​បន្ត​​ភ្ជាប់​ទៅ​វៀតណាម ​និង​ភ្ជាប់​ទៅ​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​នេះ​វៀតណាម បាន​ភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន​រួច​រាល់​​ហើយ។

​ចំពោះ​គម្រោង​តភ្ជាប់​ផ្លូវ​ដែក​ក្នុង​តំបន់​អាស៊ាន​នេះ ប្រទេស​​វៀតណាម​ត្រូវ​សាងសង់​ ​១៣០​គីឡូ​ម៉ែត្រ​ទៀត​។ ​ចំណែក​កម្ពុជា​ត្រូវ​សាងសង់​​ប្រវែង ២៥៧​គីឡូម៉ែត្រ​។ ​ប្រសិន​កម្ពុជា និង​វៀតណាម​

សាងសង់​រួច​រាល់​នោះ រទេះ​ភ្លើង​អាច​រត់​ទៅ​ដល់​គុនមីង​ នៃ​ប្រទេស​ចិន​តែ​ម្ដង​។ ​ ​ឥឡូវ​នេះ​នៅ​សល់​តែ​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ប្រសិន​បើ​ពីរ​ប្រទេស​នេះ ​ភ្ជាប់​គ្នា​បាន​​ នោះ​មាន​ន័យ​ថា​ផ្លូវ​ដែក​អាច​រត់​បាន​ចំនួន​២៧​ប្រទេស​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម លី បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

២) ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ពេល​ត្រឹម ២ម៉ោង នឹង​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០១៧​នេះ​ហើយ​។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​មុន​បំណាច់​ឆ្នាំ២០១៧​នេះ នឹង​ត្រូវ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដោយ​ក្រុមហ៊ុន China Communications Construction Company ​របស់​ប្រទេស​ចិន​។

៣) ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ព្រំដែន​ឡាវ

ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ឡាវ​​មាន​ប្រវែង​៥២២​គីឡូម៉ែត្រ​ដោយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។ សម្រាប់​គម្រោង​ដំណាក់កាល​លើក​ទី​១ នឹង​​ចាប់​ផ្ដើម​នៅ​ដំណាច់​ឆ្នាំ២០១៧នេះ​​ហើយ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ថ្លាំ​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន Globalcam បាន​ថ្លែង​ ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Globalcam និង​ក្រុមហ៊ុន Mahdi Holdings Investment ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​ផ្ទាល់។

៤) ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែល​គ្រោង​នឹង​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ ឯកឧត្ដម ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្លែង​នៅ​ក្នុង​ពិធី​ជំនួប​ទ្វេ​ភាគី​ជាមួយ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)។

៥) ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

កម្ពុជា​នឹង​មាន​​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​រថភ្លើង​ ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៨​។

រថភ្លើង​មួយ​ខ្សែ​នេះ គឺ​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ និង​ជួយ​សម្រួល​ដល់​អ្នក​ត្រូវ​ធ្វើ​ដំណើរ ​ទៅ​ព្រលាន​យន្តហោះ ​កុំ​ឱ្យ​មាន​ការ​យឺតយ៉ាវ​តទៅ​ទៀត។

៦) គម្រោង​បង្កើត​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​

​ក្រោយ​ជប៉ុន​យល់​ព្រមជួយ​កម្ពុជា​សាងសង់​រថភ្លើង​ល្បឿន​លឿន​លើអាកាស​តម្លៃ​ ​៨០០លាន​ដុល្លារ​ កាល​ពីខែ​សីហា​កន្លង​ទៅ​ ​តាម​ប្រភព​ពត៌មាន​ពីក្រសួង​សាធារណ​ការ​ ​តាមរយៈ​ឯកឧត្តម​ ស៊ុន ​ចាន់ថុល​ ដែល​បានទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាលពីថ្មី​ៗនេះ​ ​បាន​បញ្ចេញ​ដំណឹង​បន្ថែម​ថា​ ​តាមការ​គ្រោងទុក​ កម្ពុជាគួរតែមានប្រព័ន្ធAGT ដែល​អាច​ដំណើរការ​បានមុន​ខ្លួនធ្វើជា​ម្ចាស់ផ្ទះកីឡា​ស៊ីហ្គេម​នៅឆ្នាំ​២០២៣​ខាងមុខ​។

៧) ចំណត​នាវា​ខ្នាត​យក្ស

​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ Shinzo Abe ​បាន​សម្រេច​ផ្ដល់​កម្ចី​ឥណទាន​សម្បទាន​ប្រមាណ ​២០៩​ លាន​ដុល្លារ​ដល់​កម្ពុជា​ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ក្នុង​ថ្ងៃ​ដែល​សម្ដេច​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​។

កំពង់ផែ​ថ្មី​នេះ​ ដែល​មាន​ប្រវែង​ ​៣៥០ម៉ែត្រ​ និង​ជម្រៅ​ ​១៤​ម៉ែត្រ​កន្លះ​។ ​ ​កំពង់​ផែដ៏​ធំ​មួយ​នេះ​ ​នឹង​អាច​ទទួល​នាវា​ខ្នាត​យក្ស​ ​នៅ​លើ​ពិភព​លោក​ ​ចូល​ចត​បាន​រហូត​ដល់​ទៅ​ ៩៣ភាគរយ ខណៈ​កំពង់​ផែ​បច្ចុប្បន្ន​ ទទួល​បាន​តែ ​២០​ភាគ​រយ​ប៉ុណ្ណោះ​។

៨) ស្ពាន​ឆ្លង​ទន្លេសាប​ថ្មី

សាលារាជធានី​ភ្នំពេញ​មាន​គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិ​សាស្រ្ត​​ខ័ណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ​​ទៅកាន់​តំបន់ អភិវឌ្ឍជ្រោយ​ចង្វារ ​មាន​ប្រវែង​​ជិត​១​គីឡូ​ម៉ែត្រ​ និង​ទទឹងស្ពាន​ជាង ១០​ ម៉ែត្រ​ ​កាត់​ទន្លេសាប​​ម្តុំឃ្លាំង​​សាំង​ក្រុម​ហ៊ុន​​សូគីមិច​គីឡូម៉ែត្រ​លេខ៦។

៩) ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោមចៅ

ប្លង់ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចោមចៅមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ប្លង់​ពង្រាង​ថ្មី​​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​អាច​នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៧។

១០) គម្រោង​សាងសង់​ស្ពានអាកាស​ថ្មើរជើង​នៅ​រង្វង់​មូល​នាង​គង្ហីង

គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប មិន​ប៉ះពាល់​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។ បច្ចុប្បន្ន​នេះ​ប្លង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ បាន​ចេញ​ជា​រូបរាង​ 3D​ហើយ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ខាង​ជើង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ឆាប់​ៗ​ខាង​មុខ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here