ទឹកទន្លេមេគង្គលើបានហក់ឡើងជាងកន្លះ (០.៥០)ម៉ែត្រ ខុសពីកម្ពស់ធម្មតាធ្វើឲ្យស្ពានប្រដឹសឬស្សីកោះប៉ែនរបើកដាច់ដោយកង់ បន្ទាប់ពីមានភ្លៀងធ្លាក់នៅក្នុងប្រទេសឡាវដល់កម្រិតជាង៤០មីលីម៉ែត្រ និង ធ្វើឲ្យទឹកទន្លេនៅក្នុងប្រទេសនេះហក់ឡើងខ្ពស់ជាងកម្ពស់ទឹកធម្មតា ប្រមាណជា២.៦០ម៉ែត្រ។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តកំពង់ចាមបានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែមករាឆ្នាំ២០១៩ថា ទឹកទន្លេមេគង្គហក់ឡើងខុសប្រក្រតី បានធ្វើឲ្យស្ពានប្រដឹសឬស្សីសម្រាប់អ្នទេសចរណឆ្លងពីក្រុងកំពង់ចាមទៅឆ្នេរខ្សាច់កោះប៉ែនដាច់ខូចអស់ប្រវែងប្រមាណជា១០០ម៉ែត្រ បន្ទាប់ពីទឹកទន្លេបានឡើងជាលំដាប់ប្រហែលមួយសប្តាហ៍សរុបទឹកឡើងប្រហែល០.៨០ម៉ែត្រ ធ្វើឲ្យលិចស្ពាននៅកន្លែងខ្លះមុននឹងវេចដាច់។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាពេលនេះខេត្តបានជម្រុញឲ្យអ្នកទទួលខុសត្រូវក្នុងការធ្វើអាជីវកម្មលើស្ពានប្រដឹសឬស្សីនេះ ធ្វើការសាងសង់ឡើងវិញកន្លែងដែលដាច់ និងត្រួតពិនិត្យដល់កន្លែងផ្សេងទៀតឲ្យមានសុវត្ថិភាពដើម្បីបានបម្រើដល់បងប្អូនមកលេងនៅឆ្នេរខ្សាច់កោះប៉ែននារដូវក្តៅនេះ។
ពាក់ពន្ធ័ទៅនឹងការជន់ឡើងខុសប្រក្រតីនៃទឹកទន្លេមេគង្គនេះ ឯកឧត្តម ម៉ៅ ហាក់ ដែលពីមុននេះជាអគ្គនាយករងបច្ចេកទេសរួមជាមួយ លោកយិន សាវុធប្រធាននាយកដ្ឋានជលសាស្ត្របានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ខែមករាឆ្នាំ២០១៩ថា ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមហក់ឡើងខ្ពស់ជាងពេលធម្មតាប្រមាណជាកន្លះមែត្រមិនមែនដោយ សារការបើកទ្វារទឹករបស់វារីអគ្គិសនី ណា មួយនៅកម្ពុជាទេគឺដោយសារមានភ្លៀងធ្លាក់ដល់កម្រិត៤៣មីលីម៉ែត្រនៅក្នុងប្រទេសឡាវ។
ភ្លៀងនេះបានធ្វើឲ្យទឹកទន្លេស្ថានីយ៍លួងប្របាងឡើងខ្ពស់ជាងធម្មតា ដល់ទៅ២.៦០ម៉ែត្រ កាលពីជាមួយសប្តាហ៍ មុន។ ទឹកនៅខេត្តកំពង់ចាមអាចឡើងថែមបន្តិចទៀតមុនស្រកទៅវិញ។ ថ្ងៃនេះទឹកមានកម្ពស់ ៤.៥៥ម៉ែត្រ ៕
(មានវិដេអូ)
ប្រភព៖ Pen Khon