ភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងបណ្តាប្រទេសមហាអំណាចធំៗនៅលើពិភពលោក ជាកត្តាជំរុញឱ្យពិភពលោកប្រឈមនឹងហានិភ័យកាន់តែធ្ងន់ធ្ងរ ហើយវាកាន់តែធ្វើមានការលំបាកក្នុងការកៀរគរបណ្តារប្រទេសទាំងនោះ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ដែលរៀបចំឡើងដោយអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នៅសប្តាហ៍ក្រោយ។
របាយការណ៍ស្តីពីហានិភ័យពិភពលោកដែលចេញដោយ WEF បានបង្ហាញថា ព្រឹត្តិការណ៍ធ្ងន់ធ្ងន់ទាក់ទងនឹងអាកាសធាតុក្នុងរយៈពេលមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា បញ្ហាបរិស្ថានស្ថិតនៅលំដាប់លើគេក្នុងចំណោមក្តីកង្វល់ជាច្រើន ដែលបានលើកឡើងដោយអ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តប្រហែល ១ពាន់នាក់ នៅក្នុងការអង្កេតមួយដែលធ្វើឡើងដោយ WEF។
របាយការណ៍នេះ បានលើកឡើងថា «កិច្ចសហប្រតិបត្តិការអន្តរជាតិ មិនអាចកាត់បន្ថយការកើនឡើងនៃកំដៅឡើយ។ ពិភពលោកកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំងឡើងៗ ប៉ុន្តែឆន្ទៈជារួមរបស់ប្រទេសទាំងនោះក្នុងការដោះស្រាយភាពតានតឹងទាំងនេះ មិនអាចឈានទៅមុខបានឡើយ»។
របាយការណ៍នេះ បានលើកឡើងនូវហានិភ័យធ្ងន់ធ្ងរចំនួន ៥ ទាក់ទងនឹងបរិស្ថាន រួមមាន៖ ការបាត់បង់ជីវៈចម្រុះ ស្ថានភាពអាកាសធាតុប្រែប្រួលខ្លាំង បរាជ័យក្នុងការចាត់វិធានការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងភាពបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស និងគ្រោះធម្មជាតិ។
លោកស្រី Alison Martin ប្រធានក្រុមមន្ត្រីផ្នែកទប់ស្កាត់ហានិភ័យនៅក្រុមហ៊ុន Zurich Insurance Group បានលើកឡើងថា៖ «ឆ្នាំ២0១៨ ជាឆ្នាំដែលមានភ្លើងឆេះព្រៃ ទឹកជំនន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការកើនឡើងនៃកម្តៅដែលបំភាយចេញពីផ្ទះកញ្ចក់ធ្ងន់ធ្ងរជាងគេដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ»។
លោកស្រី Martin បានបន្ថែមទៀត «ដូច្នេះ គ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ដែលនៅឆ្នាំ២0១៩ ហានិភ័យទៅលើបរិស្ថានស្ថិតនៅលំដាប់ខ្ពស់ក្នុងបញ្ជី»។ លោកស្រីបានបន្ថែម កំណើនហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ចាំបាច់ត្រូវឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបម្រែបម្រួលអាកាសថាតុ ដើម្បីសម្របទៅនឹងបរិស្ថានថ្មី និងជាអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើប្រភពកាបូនតិចតួច»។