សម្តេច ស ខេង ៖​គ្រោះថ្នាក់ ចរាចរណ៍ឆ្នាំ២០១៨កន្លងទៅ បានថយចុះចំនួន៧% ធៀបនឹងឆ្នាំ២០១៧

0
306

ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មា ធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០១៨ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៧% ប្រៀបធៀបនឹងឆ្នាំ២០១៧ ក្នុងនោះចំនួន អ្នកស្លាប់បានថយចុះ ១% ប្រៀបធៀបនឹងឆ្នាំ២០១៧ ចំណែកឯចំនួនអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤% ប្រៀបធៀបនឹងឆ្នាំ២០១៧។

 

ថ្លែងក្នុងរបាយការណ៍នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការតាក់តែង លិខិតបទដ្ឋានគតិយុត្ត ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយ សុវត្ថិភាព។ កម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋរាយការណ៍អំពីផ្លូវខូច និងផ្លូវជង្ហុកសំបុកមាន់ទៅកាន់ក្រុម ការងារមានសមត្ថកិច្ចដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីទិសដៅបន្តរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំបទដ្ឋានគតិយុត្តបន្ថែមទៀត ការបន្ត យុទ្ធនាការចែកមួកសុវត្ថិភាព ការបំពាក់ផ្លាកសញ្ញា ការបិទចំណាំផ្លាត ការបង្កើតយន្តការទប់ស្កាត់ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការជួសជុលនិងថែទាំផ្លូវ សកម្មភាពនិងយុទ្ធនាការផ្សេងៗទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ទសវត្សរ៍របស់អង្គការសហប្រជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០% នៅត្រឹមឆ្នាំ២០២០។

ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យយន្តការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តជំរុញអនុវត្តតាមទិសដៅដែលបានដាក់ចេញ ការពង្រឹងយន្តការបញ្ជាដឹកនាំការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅគ្រប់ថ្នាក់ កែលំអយន្តការដឹកនាំ និងរបៀបរបបការងារឱ្យមានប្រសិទ្ធភាព កំណត់គោលដៅជាអាទិភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ខិតខំដឹកនាំរៀបចំការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានតម្លាភាព។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី រាជការ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបំពេញការងារប្រកបដោយ ជោគជ័យកន្លងមក និងបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ជាទីបញ្ចប់ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ ជាតិ-អន្តរជាតិ ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង បេសកកម្មថែរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here