កំពត៖ នៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ប្រើទឹកសរុប៣៥រថយន្ត។
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នំា២០១៩នេះ ក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានតូបលក់ដូរសរុបចំនួន១៨៧តូប ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤៧តូប ហើយមូលហេតុនៃការឆេះនេះ ដោយសារទុស្សេចរន្តអគ្គិសនី។
ប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចនគរបាលប្រើប្រាស់ឡានទឹកចំនួន៥គ្រឿង ក្នុងនោះ២គ្រឿងមកពីអធិការស្រុកព្រៃនប់ ដោយប្រើប្រាស់អស់ទឹកចំនួន៣៥ឡាន។ តែយ៉ាងណាចំពោះគ្រោះអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដលអាយុជីវិត និងរងរបួសដល់ប្រជាពលរដ្ឋនោះទេ សម្រាប់ទំហំនៃការខូចខាតមិនទាន់បាន់ស្មានបាន៕