(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ ចល័តរង្វង់មូលនាងគង្ហីង មកលើទីតាំងថ្មីស្ថិតក្បែរទីតាំងចាស់ ដើម្បីធ្វើការពង្រីកផ្លូវបត់ស្តាំ សំរាប់អ្នកធ្វើដំណើរលើផ្លូវឧកញ៉ាទេពផន ឆ្ពោះទៅផ្លូវមុន្នីរ៉េត ដែលគ្រោងនឹង ធ្វើការស្ថាបនាឡើងវិញនៅក្នុងខែមករានេះ។
ក្នុងដំណើរចុះពិនិត្យទីតាំងស្ថាបនារង្វង់មូលនាងគង្ហីងថ្មី ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា នៅថ្ងៃទី១០ ខែមករា នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា “ការផ្លាស់ទីតាំងថ្មី នៃរង្វង់មូលនាងគង្ហីងនេះ ក្នុងបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅចំណុចនេះ ជាមួយគ្នាត្រូវពង្រីកផ្លូវបត់ស្តាំអោយបានធំទូលាយ ដោយសាររាល់ថ្ងៃ អ្នកធ្វើដំណើរបទស្តាំ មកពីផ្លូវផ្សារដេប៉ូ ឆ្ពោះទៅស្តាតអូឡាំពិក គឺមានភាពចង្អៀត”។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍អោយដឹងទៀតថា ផ្លូវនៅចំណុចរង្វង់មូលនាងគង្ហីងនេះ គឺមានផ្លូវចំនួន៥ប្រសព្វគ្នា ហើយចំណុចនេះ គឺជាតំបន់ទីប្រជុំជន មានមនុស្សច្រើនឆ្លងកាត់ ដូច្នេះសាលារាជធានីភ្នំពេញ ត្រូវធ្វើយ៉ាងណា រៀបចំប្រព័ន្ធភ្លើងចរាចរណ៍ នឹងពង្រីកផ្លូវ អោយមានភាពងាយស្រួល សំរាប់អ្នកធ្វើដំណើរទូទៅឆ្លងកាត់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មានប្រសាសន៍ថា រង្វង់មូលនាងគង្ហីង ត្រូវលើកមកដាក់ នៅផ្នែកខាងឆ្វេងនៃទីតាំងចាស់ប្រមាណជាង១៥ម៉ែត្រ។ រង្វង់មូលនាងគង្ហីងថ្មី គឺពង្រីកក្នុងទំហំដដែល មុខកាត់៦ម៉ែត្រ តែកម្ពស់ខឿនខ្ពស់ជាងមុន និងរូបសំណាកនាងគង្ហីងនៅដដែល សរុបកម្ពស់ជាង៧ម៉ែត្រ។ លោកបន្តថា នឹងចាប់ផ្តើមស្ថាបនា រង្វង់មូលថ្មីនេះ នៅក្នុងខែមករានេះ ហើយនឹងស្ថាបនាអោយបានលឿនបំផុត ប្រមាណជាង១ខែប៉ុណ្ណោះអោយបានរួចរាល់។
ទាក់ទិនទៅនឹងថវិកា សំរាប់ស្ថាបនា រង្វង់មូលនាងគង្ហីងថ្មីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញ តែយ៉ាងណាក៏ដោយ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ថា ត្រូវចំណាយថវិកា អស់ប៉ុន្មាននោះទេ។ ជាមួយគ្នាដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ បានស្ថាបនាស្ពានអាកាសថ្មើរជើងរួចរាល់ហើយផងដែរ។
នៅចំណុចរង្វង់មូលនាងគង្ហីង ជាតំបន់សេដ្ឋកិច្ច ដែលមានអគារពាណិជ្ជកម្មធំៗ កំពុងធ្វើការសាងសង់ឡើង ដូចជាអគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន អូឡាំស្យាស៊ីធី ដែលគ្រោងបើកអោយមានផ្សារទំនើប ដែលបានបោះទុនវិនិយោគរាប់រយលានដុល្លាអាមេរិក។
គួរបញ្ជាក់ដែរថារង្វង់មូលនាងគង្ហីង គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយម តែក្រោយមកគឺមានផ្លាស់ប្តូរជាច្រើនសំណាក់កាល អាស្រ័យដោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ និងចំនួនយានយន្តមានការកើនឡើងច្រើន បង្ករអោយមានការកកស្ទះចរាចរណ៍ បានជាសាលារាជធានីភ្នំពេញ ធ្វើការផ្លាស់ប្តូរទីតាំងរង្វង់មូលនេះ៕