ជើងហោះហើរដំបូងបង្អស់រវាងរាជធានីប៉េកាំង និងរាជធានីភ្នំពេញ ត្រូវបានដំណើការហើយ

0
438

(ភ្នំពេញ) ឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថាប្រាប់បណ្តាញព័ត៌មានថា  «ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្ដើមដំណើរការជើងហោះហើររបស់ខ្លួន ចាប់តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩មក ដោយបានភ្ជាប់រាជធានីដែលជាបេះដូងរបស់កម្ពុជា ទៅនឹងរាជធានីប៉េកាំង របស់ប្រទេសចិន»។

នេះតាមកាបញ្ជាក់របស់ឯកឧត្តមថា ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្ដើមបើកការហោះហើរ ភ្ជាប់ពីរាជធានីប៉េកាំង នៅប្រទេសចិន ជាមួយរាជធានីភ្នំពេញរបស់កម្ពុជាហើយ ចាប់ពីដើមសប្ដាហ៍នេះតទៅ ដោយហោះហើរទៀងទាត់ក្នុងមួយសប្ដាហ៍៣ជើង ប្រើយន្តហោះ Airbus 320 អាចផ្ទុកអ្នកដំណើរជិត២០០នាក់។

ឯកឧត្តមបន្ដថា នេះជាដំណើរការហោះហើរត្រង់ដំបូងគេបំផុត ពីរាជធានីភ្នំពេញ ទៅកាន់ប៉េកាំងប្រទេសចិន ដែលពេលមិនទាន់មានការហោះហើរនេះ ការធ្វើដំណើរពីភ្នំពេញ ទៅប៉េកាំង គឺត្រូវចុះនៅទីក្រុងផ្សេងរបស់ចិន ទើបបន្ដជើងហោះហើរថ្មី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប៉ុន្តែពេលនេះមិនដូច្នេះទេ គឺអាចហោះត្រង់ទៅទីក្រុងប៉េងកាំងតែម្តង។

ឯកឧត្តម ជា អូន បានបញ្ជាក់ទៀតថា ការដាក់ដំណើរការជើងហើរនេះ បានជួយឲ្យចំណេញពេលវេលា ដែលចំណាយត្រឹមតែ៦ម៉ោងតែប៉ុណ្ណោះ ពីភ្នំពេញទៅប៉េកាំង ដែលពីមុនត្រូវចំណាយរហូតដល់ទៅ១០ម៉ោងឯណោះ។

បើតាមមន្ដ្រីជាន់ខ្ពស់រូបនេះ ការហោះហើរជាលើកដំបូង ជាប់ពីភ្នំពេញទៅប៉េកាំង មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគពីចិនមកកម្ពុជាទេ ថែមទាំងជួយទាក់ទាញការធ្វើទេសចរណ៍រវាងកម្ពុជា-ចិន ផងដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ដំបូងក្រុមហ៊ុនអាកាសចរណ៍ Air China ហោះហើរតែ៣ជើងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ប៉ុន្ដែនៅពេលខាងមុខ ក្រុមហ៊ុននេះ នឹងហោះហើរទៀងទាត់ប្រចាំថ្ងៃ។

សូមជម្រាបថា ចិននិងកម្ពុជា ប្រទេសមហាមិត្ដដែលមានចំណង់ការទូតជាង៦០ឆ្នាំមកហើយ។ ទំនាក់ទំនងយ៉ាងស្អិតរមួតនេះហើយបានជំរុញឲ្យការវិនិយោគរបស់ចិន ក៏ដូចជាភ្ញៀវទេសចរចិន បានកើនឡើងយ៉ាងគំហុក នៅប្រទេសកម្ពុជា។ ដោយសារតែការកើនឡើង នៃការវិនិយោគ និងភ្ញៀវទេសចរយ៉ាងដូច្នេះ ទើបមានជើងហោះហើរភ្ជាប់កម្ពុជា-ចិន បានបើកដំណើរការជាបន្ដបន្ទាប់៕ប្រភពFreshnews

LEAVE A REPLY

Please enter your comment!
Please enter your name here