សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធីអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងអធិកអធម។ សម្តេចបានគូសបញ្ជាក់ថា ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យកម្ពុជា បានស្គាល់សុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល ៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិ ប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺរដ្ឋាភិបាល និងប្រជាជនវៀតណាម។
ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះលទ្ធផលបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លងទៅ។
ឯកឧត្តម ត្រឹង កឹមទូ បានសម្តែងសុទិដ្ឋិនិយមថា ក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត៕