ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបប្រជុំជាលើកទី២ ជាមួយបងប្អូន អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដាក់ បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណកម្មការឆ្នេរកម្ពុជា នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បាន បញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែល គណកម្មការ បានចុះវាស់កំណត់ និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូ ឯកភាពគ្នា តាម បទដ្ឋាន បច្ចេកទេសគតិយុត្តិ និងមានប្រពន្ធ័គ្រប់គ្រងបរិស្ថានត្រឹមត្រូវ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយអាជីវករលក់ដូរ នៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីអោយបង ប្អូនយកទៅសាងសង់ តាមគំរូថ្មីមានរចនាបទ សោភណ្ឌ័ភាព ក្នុងការទាក់ទាញភ្ញៀវ ។ ឯកឧត្តម អភិបាល ខេត្តបញ្ជាក់បន្ថែមថា គម្រោងនេះបងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញ ចាំជួយសម្របសម្រួលដើម្បីអោយការសាងសង់ ប្រព្រឹត្តទៅដោយរលូន ។
ឯកឧត្តមបានបន្តថា ការសាងសង់នៅពេលនេះមានលក្ខណៈ សមស្រប ព្រោះជារដូវភ្លៀងមិន សូវមាន ភ្ញៀវទេសចរណ៍ ដែលបងប្អូនអាជីវករអាចបង្កើនល្បឿនសាងសង់បានលឿន ៕
ដក់ស្រង់ពី huy bunleng កែសម្រួលដោយNCNDaily