សៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីបើកការដ្ឋានជួសជុលឡើងវិញកំណាត់ផ្លូវវាងក្រុង (ផ្លូវ២SR៣) មួយខ្សែប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
កម្មវិធីនេះមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវគណៈប្រតិភូក្រសួង ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រជាការពារ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋច្រើននាក់។
កំណាត់ផ្លូវវាងនេះមានប្រវែងសរុប១៥គីឡូម៉ែត្រ គិតចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ ត្រង់ចុងកៅស៊ូ ដល់ចំណុចប្រសព្វមុខទីចាត់ការគយ និងរដ្ឋាករទឹកវិល ត្រូវជួសជុលឡើងវិញក្រោមគម្រោងឆ្នាំ២០១៩ មានប្រវែង២.២៣០ម៉ែត្រ គិតចាប់ពីបង្គោលគីឡូម៉ែត្រលេខ ០០+០០ ដល់គីឡូម៉ែត្រលេខ ០២+២៣០ និងទទឹងប្រវែង១៤ម៉ែត្រ ចាក់ក្រាលកៅស៊ូ និងបាចថ្មពីរស្រទាប់DBST និងដាក់លូរំដោះទឹកជាច្រើនកន្លែង ហើយក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវនេះឡើងវិញឱ្យបាន១០០%។
កំណាត់ផ្លូវនេះសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយថវិកាចំនួន ៣.៧០២.៩៥៧.០០០,០០ រៀល ជាថវិការបស់រដ្ឋក្រោមគម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។
ផ្លូវក្រវាត់ក្រុងទីមួយនេះដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់គ្រប់ច្រកល្ហក និងប្រទាក់ក្រឡាគ្នា ផ្ដល់ជម្រើស និងបង្កភាពងាយស្រួលក្នុងការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ រាជរដ្ឋាភិបាលមានគោលដៅចង់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរសប្បាយនៅទូទាំងប្រទេស និងបានសំណូមពរឱ្យ បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងនាម ជាពលរដ្ឋល្អ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងផ្ដោតលើការអនុវត្តច្បាប់ និងសុវត្ថិភាពផ្ទាល់ខ្លួន មិនមែនខ្លាចប៉ូលីសផាកពិន័យនោះទេ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យបងប្អូនដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវនេះមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ចំពោះការរំខាននានាដែលកើតមានឡើងខណៈពេលកំពុងសាងសង់ និងចូលរួមសហការឱ្យបានស្អិតរមួតដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់តាមកាលកំណត់៕
ដក់ស្រង់ពី FB កែសម្រួលដោយ NCNDaily