ក្រចេះ៖ ប្រភពច្បាស់ការពី សមត្ថកិច្ចកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានអោយដឹងថា ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។
កាលពីល្ងាចម្សិលមិញ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ បើតាមការអះអាង របស់ឧត្តមសេនីយ៍ត្រី អេង ហ៉ី,យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតប នឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គល ដែលសង្ស័យថា បានចូលរួម ក្នុងបទល្មើស។
ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងដែរ៕
ដក់ស្រងពី ខាន់ ចាន់សុផល កែសម្រួលដោយ NCNDaily