ឯកអគ្គរដ្ឋទូតជប៉ុនចប់អាណត្តិ ៖ បេសកកម្មការទូតនៅកម្ពុជាបានជោគជ័យ ដោយមានការគំាទ្រនិងសម្របសម្រួលពីសម្តេចប្រធានរដ្ឋសភាផងដែរ

0
328

ភ្នំពេញៈ នៅក្នុងឱកាសចូលសម្តែងការគួរសមនិងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ហៃដិហិសា ហូរីនូជិ (Hidehisa HORINOUCHI)  ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចំានៅកម្ពុជា ដែលត្រូវចប់អាណត្តិ បានលើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា រយៈពេលបីឆ្នាំ កន្លងមកនេះ ទទួលបានជោគជ័យ។ ជោគជ័យដោយសារមានការគំាទ្រ និងជួយសម្រួល ពីសម្តេចប្រធាន រដ្ឋសភាមួយចំណែក។ ក្នុងនោះ សម្តេចបានជំរុញឲ្យរដ្ឋសភាកម្ពុជានិងជប៉ុន មានការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមក។

មុនចាកចេញពីកម្ពុជា ឯកឧត្តម Hidehisa HORINOUCHI បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះឯកឧត្តម បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា គឺចំពេលដែលសេដ្ឋកិច្ច កម្ពុជាមាន ការីកចម្រើន ហើយទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏មានការរីកចម្រើនរឹងមាំជាលំដាប់ ទំាងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាពិសេសគឺកម្ពុជានិងជប៉ុនបានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញមក ទំាងស្ថាប័ននី តិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ឯកឧត្តម Hidehisa HORINOUCHI បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានគំាទ្រដល់បេសកកម្មការទូតរបស់ឯកឧត្តម។ នៅក្នុងនោះសម្តេចតែង តែឆ្លៀតពេលមមាញឹក ទទួលស្វាគមន៍ គណៈប្រតិភូប្រទេសជប៉ុន ដែលបានមក បំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនដែលចប់អាណត្តិ មានសង្ឃឹមថា សម្តេចប្រធាន រដ្ឋសភានឹងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត។

ចំណងការទូតកម្ពុជានិងជប៉ុន មានរយៈពេលជាង ៦៥ឆ្នាំមកហើយ។ ក្នុងខួប ៦៥ឆ្នាំនៃ ទំនាក់ទំនង ការទូតប្រទេសទំាងពីរ ប្រទេសជប៉ុនបានបង្កើតការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៣ មក វឌ្ឍនភាពនៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ បានក្លាយជា “ភាពជាដៃគូយុទ្ធសាស្រ្ត”។ ថ្នាក់ដឹក នាំប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ចំណងការទូតនេះ យ៉ាងសកម្មផុលផុសនៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបាន ជួយគំាទ្រនិងផ្តល់ ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជារហូតមក។ សម្តេចបានមានប្រសាសន៍ថា នៅក្នុងរយៈពេលស្នាក់ នៅកម្ពុជានេះ ឯកឧត្តមឯកអគ្គរាជទូត បានឃើញពីដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ កម្ពុជាបានអនុវត្តពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ សម្តេចបានអរគុណជប៉ុន ចំពោះការគ្រំាទ្រការកែទម្រង់ការបោះឆ្នោត និងការលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា។

 

សម្តេចប្រធានបានស្នើសុំប្រទេសជប៉ុន ជូយគាំទ្រដល់ប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសការ អភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍ ប្រទេសអោយ កាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here