ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានរ៉ាប់រងការចំណាយហូបចុក ស្នាក់នៅរបស់សិស្សទាំង៦ស្រុកនិង១ក្រុង ដែលបានប្រឡងសញ្ញាបត្រទុតិយភូមិទាំងអស់ នៅក្រុងសួង និងស្រុកត្បូងឃ្មុំ។
លោក ម៉ឹង សុខលាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនាព្រឹកថ្ងៃទី២០ សីហានេះថា ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុក-ក្រុងទាំង ៧ និងក្រមការងារចុះជួយឃុំ-សង្កាត់ទាំង ៦៤ ក៏ដូចជាមាតាបិតា អណាព្យាបាលសិស្សទាំងអស់នៃខេត្តត្បូងឃ្មុំទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា និងលោកជំទាវ បានរ៉ាប់រងលើការហូបចុកនិងស្នាក់នៅ ដល់សិស្សានុសិស្សទាំងអស់ ដែលបាននិងកំពុងប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី១៩ ដល់២០សីហានេះ។
សិស្សានុសិស្សនៅខេត្តត្បូងឃ្មុំដែលបាន និងកំពុងប្រលងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិឆ្នាំនេះមានចំនួន ៤២១១ នាក់។ កាលពីឆ្នាំមុនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានឧបត្ថម្ភម៉ូតូ១គ្រឿង និងថវិកាក្នុងម្នាក់២០០ដុល្លារ ដល់សិស្សជាប់និទ្ទេសអេ និងសិស្សានុសិស្សប្រលងជាប់និទ្ទេសផ្សេងៗទៀតចំនួន១០ម៉ឺនរៀលផងដែរ។
លោក ម៉ឹង សុខលាតបានបន្តថា យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោសព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ សុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ដើម្បីជាម្លប់ដ៏ត្រជាក់ ជាសរសរគ្រឹះដ៏រឹងមាំសម្រាប់យើងខ្ញុំទាំងអស់ និងជួយបន្តដឹកនាំ កសាងប្រទេសជាតិអោយមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍រីកចម្រើនជារៀងរហូត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឆ្លាតវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕